ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ច អោយដឹងថាកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឈ្មោះ ជាឡាំងអ៊ូ ភេទស្រីអាយុ៤២ឆ្នាំ មានមុខរបរ ទិញលក់ស្រូវស្នាក់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ គាត់បានខលទូរស័ព្ទប្រាប់ថៅកែស្រូវរបស់ខ្លួន ថាខ្លូនមានស្រូវ ០៤ឡាន ហើយម្ចាស់ស្រូវតម្រូវឲ្យកក់លុយមុនចំនួន ៥លានរៀល បើកមិនកក់លុយទេគេលក់ស្រូវឲ្យអ្នកផ្សេង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១:១៩នាទី ថៅកែស្រូវ បានដាក់លុយតាមវីងមកឲ្យឈ្មោះ ខ្លួន ចំនួន ៤០លានរៀល ដើម្បីឲ្យទិញស្រូវ ហើយមុនពេលខ្លួនទៅដកលុយខាងលើនេះ ខ្លូនបានរៀបចំគម្រោងការ ដោយឲ្យឈ្មោះ សេ ចាន់ហៅ ជឿន ភេទប្រុសអាយុ៣៤ឆ្នាំ កម្មករលីស្រូវ រស់នៅភូមិ/ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ដសៀមរាប មកចាំធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូឆក់យកលុយ។ ដល់ម៉ោង១៣:២០នាទី ពេលខ្លួនបានកំពុងជិះម៉ូតូ០១គ្រឿងម្នាក់ឯងម៉ាកសង់ទ្រីមសេរីឆ្នាំ២០១៦ ពណ៌ខ្មៅ មកដកលុយនៅកន្លែងវីង ផ្សារសំរោង បានដកលុយចំនួន៣៩,៩០០,០០០៛(សាមសិបប្រាំបួនលានប្រាំបួនសែនរៀល)ហើយ ខ្លួនក៏ជិះម៉ូតូត្រឡប់មកវិញនៅម៉ោង១៤:៣០នាទី ដល់ត្រង់ចំណុចផ្លូវកៅស៊ូខាងជើងបន្ទាយស៊ុប ចម្ងាយ១០០ម៉ែត្រ មានឱកាសស្ងាត់ឈ្មោះ សេ ចាន់ ហៅ ជឿន បានជិះម៉ូតូតាមពីក្រោយមកសន្ទឹមគ្នា បើកល្បឿនយឺតៗ ហើយពួកគេបានធ្វើសកម្មភាពដូចការគ្រងទុក ធាក់ផ្ដួលម៉ូតូរួចយកកាបូបលុយ បើកម៉ូតូរត់គេចខ្លួនបាត់ទៅ។
បន្ទាប់ពីទទួលបានព័ត៌មានភា្លម លោក ឧត្ដមសេនីយទោ ហួត សុធី ស្នងការ នគរបាលខេត្ត បានបញ្ជា អោយកំលាំងជំនាញនគរបាលព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបទល្មើស រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ខាងលើ និងរកឃើញលុយចំនួន ៣៩,០០០,០០០៛(សាមសិបប្រាំបួនលានរៀល) វិញ ករណីនេះបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយនៅ ល្ងាចថ្ងៃទី៧ខែមករា ឆ្នាំ២០២២នេះ។