ខេត្ដព្រះវិហារ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ជាព្រះរាជអាជ្ញា និងដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបើកការស៊ើបអង្កេតឡើងវិញលើក ករណី អត្តឃាត ដែលស្ត្រីម្នាក់ឈ្មោះ យ៉ុង ស៊ីធឿង ជាមេតុងទីន បានចងកសម្លាប់ខ្លួនឯង ។
ក្រោយពីបានចុះពិនិត្យដល់ទីតាំងកើតហេតុ ប្រមូលបានវត្ថុតាងមួយចំនួននៅផ្ទះជនរងគ្រោះ និងក្រោយពីបានស្តាប់ចម្លើយសាក្សី ព្រមទាំងស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ ៥៣ឆ្នាំ ដែលត្រូវជាប្តីរបស់ស្រ្តីជនរងគ្រោះ តំណាងអយ្យការ បានរកឃើញតម្រុយ ពិរុទ្ធភាព និងសម្រចបើកការស៊ើបសួរទៅលើជនសង្ស័យខាងលើពី បទឃាតកម្ម គិតទុកជាមុន និងសន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញតិ្តមាត្រា២០០ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។