អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យចៅសង្កាត់ និងស្មៀនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ!
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់និងស្មៀនសង្កាត់ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើងត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់អោយមានតម្លាភាពនិងទាន់ពេលវេលា។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើអោយប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕






