ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានបញ្ចេញនិងសំណូមពរក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមគោរពលោកស្នងការនគរបាលខេត្តកណ្តាល នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានក្រុមក្មេងទំនើងតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងខ្ញុំ សូមលោកស្នងការជួយបង្រ្កាបផង។
ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌ រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា និងបណ្តាប៉ុស្តិ៍ដែលពាក់ពន្ធ័ធ្វើការស្រាវជ្រាវដើម្បីបង្រ្កាបមុខសញ្ញាខាងលើឲ្យខានតែបាន។
ជាលទ្ធផល៖ ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក វរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមមានគ្នា ចំនួន០៤នាក់ ៖
១-ឈ្មោះ រុន សារ៉ែន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២-ឈ្មោះ រុន ម៉ាណែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៣-ឈ្មោះ ហឿន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៤-ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្នកទាំង០៤នាក់ខាងលើបានធ្វើសកម្មភាពជិះ និងបង្ហោះម៉ូតូចំនួន ០២គ្រឿង ដេញគប់រថយន្តបែនដឹកដី ១គ្រឿង របស់ជនរងគ្រោះឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកកញ្ចក់ទ្វាររថយន្តផ្នែកខាងឆ្វេង ១ផ្ទាំង ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយមធ្យោបាយម៉ូតូ ហុងដា សេ១២៥ ចំនួន០២គ្រឿង សមត្ថកិច្ចកសាងសំណុំរឿងចាត់វិធានការទៅតាមផ្លូវច្បាប់។
អស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕