ស្នងការ២ខេត្ត បំភ្លឺរឿង មួយនេះ!

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក អំពីគណនីហ្វេសប៊ុកឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង ហើយមានគណនីឈ្មោះKhmer Online TV បានផុសផ្សាយបន្ត នូវវីដេអូរ ដែលបានរៀបរាប់ថា ជិះឡានពេលយប់ មានចោរស្ទាក់ចាំប្លន់ ដោយធ្វើជាដួលម៉ូតូនៅមុខឡានខ្លួន នៅខាងកើតជិតផ្សារសំរោងយ៉ោង ផ្លូវឆ្ពោះទៅក្រាំងយ៉ូវ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើការស្រាវជ្រាវ ដើម្បីមានវិធានការ និងស្វែងរកការពិត សម្រាប់បកស្រាយ និងបញ្ជៀសការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាក់ថា ខ្លឹមសារដែលម្ចាស់គណនីឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង រៀបរាប់ថា មានជនមិនស្គាល់អត្តសញ្ញាណធ្វើពុតជាដួលម៉ូតូ ដើម្បីចង់ប្លន់រថយន្តរបស់ខ្លួន នៅចំណុចខាងកើតផ្សារសំរោងយ៉ោង កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Khmer Online TV យកមកផ្សព្វផ្សាយបន្តនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ កើតឡើងនៅចំណុចខាងកើតស្ពានថ្នល់ដាច់ ស្ថិតក្នុងភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
តាមរយៈការបំភ្លឺពីប្រជាពលរដ្ឋឈ្មោះ ប្រាក់ នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី ដែលបានទៅលេងផ្ទះកូន និងបូមទឹកដាក់ស្រែ(ខាងកើតស្ពាន)បានឱ្យដឹងថា នៅ យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍(ម៉ូតូដួលខ្លួនឯង)បើកបរដោយមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលិចស្ពានថ្នល់ដាច់ ដោយសារផ្លូវខាងលើជាប្រភេទផ្លូវគ្រោះក្រហម ពិបាកធ្វើដំណើរ តែមិនមានអ្នកជួយលើកទេ គឺអ្នកបើកបរឡើងលើកម៉ូតូដោយខ្លួនឯងជិះចេញទៅ លុះដល់វេលាម៉ោងប្រហែល២១ និង៣០នាទី លោកស្រី បានចេញពីផ្ទះកូនមកមើលម៉ាស៊ីនបូមទឹកនៅស្រែ ខណៈនោះក៏មានម៉ូតូមួយគ្រឿង បានដួលនៅខាងលិចស្ពានទៀត ក៏គ្មានអ្នកចុះជួយដែរ ព្រោះមានរថយន្តបើកបរឆ្លងកាត់ច្រើនដែរ មួយសន្ទុះក្រោយមកក៏អ្នកបើកបរលើកម៉ូតូជិះចេញទៅទៀត ។

សូមបញ្ជាក់ជូនថាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង មានឈ្មោះ សាវ ស៊ុនលី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរបំភ្លឺ ឈ្មោះ សាវ ស៊ុនលី បានឱ្យដឹងថានៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ លោកស្រី និងក្រុមគ្រួសារ បានទៅលេងខេត្តកែប លុះពេលត្រលប់មកវិញដល់ចំណុចខាងលើ ក៏ប្រទះឃើញមនុស្សប្រុសម្នាក់ បានដើរមកឈរកណ្តាលផ្លូវលើកដៃរាដាក់រថយន្តលោកស្រី តែលោកស្រីឱ្យប្តីបើកគេចមិនបានឈប់នោះទេ លុះមកហួសប្រហែល១០០ម៉ែតក៏ប្រទះឃើញមនុស្សស្រីដេកកណ្តាលផ្លូវ និងមានមនុស្សប្រុស០២នាក់ រួមនិងម៉ូតូមួយគ្រឿងនៅខាងផ្លូវ ខណៈនោះមានរថយន្តមួយគ្រឿងបើកខាងមុខបានគេច ប្តីលោកស្រីក៏បើកគេចតាម រហូតមកដល់ផ្ទះមួយសន្ទុះក៏បានធ្វើការLive លើគណនីហ្វេសប៊ុកលោកស្រី រៀបរាប់អំពីរឿងរ៉ាវនេះតែម្តង។

យោងកំណត់ហេតុបំភ្លឺខាងលើ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សន្និដ្ឋានថាមិនមែនជាករណីរៀបគម្រោងដើម្បីប្លន់រថយន្តនោះទេ គឺជាការយល់ច្រលំរបស់ឈ្មោះ សាវ ស៊ុនលី ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង ប៉ុណ្ណោះ ដោយសារលោកស្រីនិងក្រុមគ្រួសារបើកបរពេលយប់ មួយវិញទៀតក្នុងពេលកើតហេតុ មិនមែនមានតែរថយន្តលោកស្រីនោះទេ គឺមានរថយន្តផ្សេងទៀតបើកបរលើផ្លូវជាមួយគ្នា។

ព្រមជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បង្កើនការល្បាតត្រួតពិនិត្យនៅតាមទីដាច់ស្រយាល ឬតំបន់ងាយរងគ្រោះដើម្បីបង្ការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋដែលធ្វើសំណើរឆ្លងកាត់ រួមទាំងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានផ្ទាល់ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមសហការជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ចភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវនិងបង្ក្រាបបានទាន់ពេលវេលា។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន Khmer Online TV ដែលបានចុះផ្សាយ មានខ្លឹមសារថា៖ គួរឲ្យខ្លាច បងស្រី រៀបរាប់ជិះឡាន ពេលយប់ មានឡានស្ទាក់ចាំប្លន់គួរប្រុងប្រយ័ត្ន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់ឱ្យលោកអធិការ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវបំភ្លឺករណីខាងលើ ។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសនីយ៍ត្រី ទេព ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានអញ្ជើញឈ្មោះ សាវ ស៊ុនលី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅបច្ចុប្បន្ន ភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មកធ្វើកំណត់ហេតុស្តាប់ការបំភ្លឺ ពាក់ព័ន្ធនឹងសារព័ត៌មានដែល បានចុះផ្សាយខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ។

តាមការបំភ្លឺរបស់ឈ្មោះ សាវ ស៊ុនលី បានឱ្យដឹងថា ទីតាំងកើតហេតុស្ថិតនៅចំណុចស្ពានថ្នល់ដាច់ ភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ មិនជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រខេត្តកណ្ដាលនោះទេ។

ចំពោះករណីនេះ កំណត់ហេតុ ស្តាប់ការបំភ្លឺគឺនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី ជាម្ចាស់ករណី។

ចំណែកកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តសហការក្តាប់មុខសញ្ញាដែលពាក់ព័ន្ធភូមិសាស្រ្តជាប់គ្នាក្នុងឃុំទាំងពីរ គឺឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ជាមួយឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close