អុញ! រឿងកើតនៅ ខេត្តតាកែវ តែផ្សាយថា នៅខេត្តកណ្តាល ?

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន Khmer Online TV ដែលបានចុះផ្សាយ មានខ្លឹមសារថា៖ គួរឲ្យខ្លាច បងស្រី រៀបរាប់ជិះឡាន ពេលយប់ មានឡានស្ទាក់ចាំប្លន់គួរប្រុងប្រយ័ត្ន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់ឱ្យលោកអធិការ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវបំភ្លឺករណីខាងលើ ។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសនីយ៍ត្រី ទេព ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានអញ្ជើញឈ្មោះ សាវ ស៊ុនលី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅបច្ចុប្បន្ន ភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មកធ្វើកំណត់ហេតុស្តាប់ការបំភ្លឺ ពាក់ព័ន្ធនឹងសារព័ត៌មានដែល បានចុះផ្សាយខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ។

តាមការបំភ្លឺរបស់ឈ្មោះ សាវ ស៊ុនលី បានឱ្យដឹងថា ទីតាំងកើតហេតុស្ថិតនៅចំណុចស្ពានថ្នល់ដាច់ ភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ មិនជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រខេត្តកណ្ដាលនោះទេ។

ចំពោះករណីនេះ កំណត់ហេតុ ស្តាប់ការបំភ្លឺគឺនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី ជាម្ចាស់ករណី។

ចំណែកកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តសហការក្តាប់មុខសញ្ញាដែលពាក់ព័ន្ធភូមិសាស្រ្តជាប់គ្នាក្នុងឃុំទាំងពីរ គឺឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ជាមួយឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close