ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន CPC NEWS ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានខ្លឹមសារ «ជាង ១ខែហើយ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន លោកផ្កាយ១ ស្រេង សុខា ហៅ ទ្រី បាននៅឡើយទេ»។
-យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៧០៥ ដកបចខ/២១ របស់សាលាដំបូងខេត្តកណ្តាល ចេញដោយចៅក្រមជំនុំជម្រះ រស់ ចាន់និមល អមដោយលោក គង់ វិបុល ជាក្រឡាបញ្ជី បង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ស្រេង សុខា ហៅ ទ្រី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ០៦ខែ ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹទ្ធនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងនូវខ្លឹមសាររបស់សារព័ត៌មាន CPC NEWS ដែលបានចុះផ្សាយថា «ជាង ១ខែហើយ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន លោកផ្កាយ១ ស្រេង សុខា ហៅ ទ្រី បាននៅឡើយទេ» ។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាមរយៈការិយាល័យរដ្ឋបាល បានទទួលដីកាពីសាលាដំបូខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីរសៀល។ អនុវត្តតាមចំណារ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រគល់ភារកិច្ចជូនផែនការងារនគរបាលព្រហ្មទណ្ឌ មុខការ។ បន្ទាប់មកផែនការងារនគរបាលព្រហ្មទណ្ឌ ប្រគល់ភារកិច្ចជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់មុខការ។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងស្រាវជ្រាវអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕