ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ទិសដៅ អាទិភាព ចំពោះមុខ សម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ!
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥ វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២ វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានថ្លែងថា ៖ ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ គឺតែងស្រលាញ់ចង់បានសុខសន្តិភាព ដូចគ្នាទាំងអស់ ដោយព្រមទាំងលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផលមួយនេះ។ ដូចនេះ ជាទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ទោះត្រូវបង់តម្លៃណាក៏ដោយ។ ក្នុងនោះផងដែរ កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ, តំបន់ និងពិភពលោក។ កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងបានយកចិត្តទុកដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និងជោគវាសនាជាតិ។
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តថា ជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យនៃគោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅក្នុងការធ្វើទំនើបកម្មកងទ័ព ហើយដំណើរការទំនើបកម្មនេះ នឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននិងកំពុងអនុវត្តដោយសម្រេចបានសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកទល់បច្ចុប្បន្ននេះ។ ដូច្នេះ ទាំងយោធាចារ្យ និងសិក្ខាកាមត្រូវខិតខំបន្តសិក្សាស្រាវជ្រាវ និងដុសខាត់ចំណេះដឹងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទទាំងក្នុងពេលចំពោះមុខ និងតទៅអនាគត ជាពិសេសខណៈពេលដែលបញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយ មានលក្ខណៈកាន់តែស្មុគ្រស្មាញ និងគ្រោះថ្នាក់ ទាំងការបញ្ហាសន្តិសុខបែបប្រពៃណី ដូចជាការប្រយុទ្ធរវាងកម្លាំងទល់នឹងកម្លាំង និងបែបមិនមែនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាត ជាដើម។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក, កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ជាដំណាក់កាលដ៏សុខសាន្តមួយដែលកើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាព សំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែលផ្តល់នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត, ទទួលបានការអប់រំ និងប្រកបរបររកទទួលទានដោយសេចក្តីសុខ, មានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការភ័យខ្លាចអំពើអសន្តិសុខ និងសង្គ្រាម។ ទាំងនេះ គឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹងសុបិន្តចង់បានជាង ៥០០ឆ្នាំ មកហើយ។ ដូច្នេះយើងត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។
កិច្ចបញ្ចប់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេស និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ក្នុងការម្ចាស់ការអនុវត្ត ការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវ និងសូមកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានតស៊ូព្យាយាមអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គប្រកប ដោយមោទនភាព។ នេះក៏ជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀតសម្រាប់ការពារប្រទេស និងប្រជាជន ពីព្រោះថាជំនាញជាកងទ័ព គឺជាធនធានមនុស្សដែលប្រកបដោយមនសិការសេ្នហា ជាតិ សាសនា ព្រះមហាក្សត្រ និងមានការបេ្តជ្ញាចិត្តប្តូរផ្តាច់ការពារបូរណភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ មនុស្សធម៌ ជាមួយនឹងការត្រៀមបូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាអាទិ៍ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ, បេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការចូលរួមដោះមីនជាដើម។