ថ្ងៃនេះ ខួប២ឆ្នាំ ករណី មន្ត្រីយោធា ម្នាក់ បាញ់សម្លាប់ និស្សិតពេទ្យ ជាគូដណ្តឹង តែស្ងាត់ឈឹង?

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ  ជាថ្ងៃគំរប់ខួប២ឆ្នាំគត់ នៃ ករណី ឃាតកម្ម មន្ត្រីយោធា ម្នាក់បាញ់ សម្លាប់ គូដណ្តឹង របស់ខ្លួន តែសមត្ថកិច្ចខណ្ឌកំបូល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ឃាតករ មិនទាន់បាន។

គួររំលឹកផងដែរថា នារីម្នាក់ ស្លាប់គ្រាដែលកំពុងដឹកបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពី បុរស ជាគូរដណ្តឹងប្រើប្រាស់អាវុធខ្លី បាញ់មួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនដៃដល់ដឹកនាង ទៅគ្លីនិក តែពេទ្យ មិនហ៊ានទទួល ដឹកតាមម៉ូតូទៅមន្ទីរពេទ្យរដ្ឋផ្សេងទៀត អកុសល ជនរងគ្រោះស្លាប់បាត់បង់អាយុជិវិត កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ H03 បុរីរំចេកអូឌឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល លុះនៅព្រឹកថ្ងៃទី១៧ ខែមករា នេះកម្លាំងសមត្ថកិច្ច សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ កោសល្យវិច័យដល់ផ្ទះកើតហេតុ ខណៈដែលសាកសពត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ ។

សមត្ថកិច្ច អោយដឹងថា នារីរងគ្រោះ ឈ្មោះ ជុន ឌីណា អាយុ២៥ឆ្នាំ មុខរបរ និស្សិតសាលាពេទ្យ បញ្ចប់ការសិក្សារ រងចាំប្រឡងយកក្របខណ្ឌ ។

បុរស ជាឪពុកបន្តអោយដឹងថា កូនស្រីរបស់គាត់ បានភ្ជាប់ពាក្យជាមួយយុវជនម្នាក់ ជាជនសង្ស័យ មានឈ្មោះ យឺន វ៉ាន់ដេត អាយុ២៤ឆ្នាំ ជាមន្រ្តីយោធា ហើយនាំគ្នាមកស្នាក់នៅផ្ទះកើតហេតុខាងលើ ជាផ្ទះខាងប្រុសអ្នកទិញ ខណៈដែលអ្នកទាំង២ ជិតចូលរោងការទៅហើយ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ ស្រាប់តែជួបរឿងបែបនេះទៅវិញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា គូរដណ្តឹងទាំង២នាក់ គេសង្កេតឃើញឈ្លោះប្រកែកគ្នាញឹកញាប់មកហើយ ដោយសាររឿងប្រច័ណ្ឌ នារីរងគ្រោះ ទំនេរច្រើនឡាយវីដេអូរលក់ផលិតផល ធ្វើឲ្យបុរសជាគូរដណ្តឹងមិនពេញចិត្ត លុះមកដល់ល្ងាចថ្ងៃទី១៦ ខែមករា ២០២០ អ្នកទាំង២ វិលត្រឡប់មកពីជួលភ្នួងសំអាង សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍វិញ កើតជម្លោះពាក្យសម្តី ស្រាប់តែនៅវេលាម៉ោងខាងលើ ឮស្នូរផ្ទុះអាវុធមួយគ្រាប់ រួចជនដៃដល់ បីត្រកងជនរងគ្រោះ ក្នុងស្ថានភាពរបួស ត្រូវគ្រាប់កាំភ្លើងចំកញ្ចឹងក ធ្លាយថ្ពាលឆ្វេង ពឹងអ្នកជិតខាងឲ្យឌុបជូនទៅគ្លីនិកឡាំប៊ុនថន តែគ្រូពេទ្យមិនហ៊ានទទួល ជនដៃដល់ ដឹកតាមម៉ូតូកង់បី ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ តែគ្រូពេទ្យពិនិត្យហើយប្រាប់ថា ជនរងគ្រោះស្លាប់បាត់ មុនមកដល់ ជនដៃដល់ដឹងថាស្លាប់ហើយ រត់គេចខ្លួនបាត់ស្រមោល ។

ជុំវិញករណីឃាតកម្មខាងលើ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋរាយការណ៍ សមត្ថកិច្ចចុះទៅតាមស្វែងរក ទាំងនៅផ្ទះកើតហេតុ ដល់មន្ទីរពេទ្យ តែជនដៃដល់គេចខ្លួនបាត់ហើយ កម្លាំងជំនាញទៅពិនិត្យសាកសពនៅមន្ទីរពេទ្យ ពិតជាស្លាប់ ដោយត្រូវគ្រាប់កាំភ្លើង រួចដឹកសាកសពទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ។

លុះមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ២០២០ នេះ កម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ នៅក្នុងបុរីរំចេកអូឌឹម ខាងលើ ដើម្បីធ្វើកំណត់ហេតុ រួចជាមួយក្រុមគ្រួសារ សាច់ញាតិខាងនារីរងគ្រោះ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ តែការទន្ទឹងរង់ចាំជិត២ឆ្នាំទៅហើយ ជនសង្ស័យ ជាឃាតករ មិនទាន់ត្រូវបានប៉ូលិសខណ្ឌកំបូល ចាប់ខ្លួនយកមកផ្តន្ទាទោស នៅឡើយ។

សូមជម្រាបថា ជនដៃដល់ជាឃាតករ មានឈ្មោះ យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហាន អង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។

តើគ្រួសារនារីរងគ្រោះ អាចទទួលបានពន្លឺយុត្តិធម៌ទេ?

អត្ថបទដែលជាប់ទាក់ទង
Open

Close