ពលរដ្ឋ ឆាតចូល ផេក ស្នងការ ថា៖ ក្មេងស្ទាវ ជិះម៉ូតូលឿនៗ មានដាវ ជិះអូសលើផ្លូវទៀត ខ្ញុំឃើញ ថ្ងៃណាខ្លះ ដេញកាប់គ្នាក៏មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺ ជូនសាធារណជន និងគណនី ហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិ ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថាៈ បងនៅស្រុកកោះធំ ឃុំព្រែកស្ដី និងឃុំសំពៅពូន នៅពេលយប់ចាប់ពីម៉ោង១០យប់ ទៅមាន ក្មេងស្ទាវជិះម៉ូតូលឿនៗ ហើយមានដាវ ជិះអូសលើផ្លូវទៀត ខ្ញុំឃើញ ថ្ងៃណាខ្លះ ដេញកាប់គ្នាក៏មាន។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានញ្ជាឱ្យកម្លាំងនគរបាលផ្នែកជំនាញ និងប៉ុស្ត៍ពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវករណីប្រជាពលរដ្ឋរាយការណ៍ខាងលើជាបន្ទាន់។

ជាលទ្ធផល បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងសំពៅពូន ចុះចល័តល្បាតរាល់យប់ជាប្រចាំ ឃើញថា ពុំមានជួបប្រទះក្រុមក្មេងស្ទាវធ្វើសកម្មភាពបង្កភាពអាណាធិបតេយ្យ ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាសណ្ដាប់ធ្នាប់សារធារណៈនោះទេ។

ចំពោះសភាពការណ៍ស្ងប់ស្ងាត់នេះ ក៏ដោយសារតែកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានបង្ក្រាបចាប់បានក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន ១៤នាក់ ពាក់ព័ន្ធបងល្មើស “ហិង្សាដោយចេតនាទៅវិញទៅមក“ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនដូចជា: កាំបិតផ្គាក់ចំនួន១, ដាវដែក ១ដើម,កាំភ្លើងកែច្នៃ បាញ់គ្រាប់កាំកង់ ១ដើម និងម៉ូតូ ២គ្រឿង ព្រមជាមួយនិងទូរស័ព្ទដៃមួយចំនួនផងដែរ។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ បានកសាងសុំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

បន្ទាប់ការិយាល័យជំនាញ បានពិនិត្យបូកសរុបបញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close