ជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ធ្វើការចុះបញ្ជីបំបែកក្បាលដីនិងចុះបញ្ជីចំណែក ឯកជននៃអគារសហកម្មសិទ្ធិជាមុន មុននឹងធ្វើចរន្តការលក់ជូនអតិថិជន
ភ្នំពេញ៖ នៅថៃ្ងព្រហស្បតិ៍ ១១រោច ខែមិតសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ដែលមានសមាជិកចូលរួមសរុបចំនួន ១ ១៥៦ រូប។ អង្គប្រជុំឯកភាពលើ របាយការណ៍លទ្ធផលការងារឆ្នាំ ២០២១ របស់ក្រសួង និងទិសដៅការងារសម្រាប់ឆ្នាំ ២០២២ ដែលមាន ជាចំបងដូចខាងក្រោម៖
១. អបអរសាទរការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ដែលជាជោគជ័យនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចឱ្យកម្ពុជា ចាប់ផ្ដើមបើកដំណើរការឡើងវិញទាំងស្រុងលើគ្រប់វិស័យ។
២. បន្តអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេស កំណែទម្រង់លើវិស័យដីធ្លី។
៣. អនុវត្តផែនការចុះបញ្ជីដីដែលនៅសល់សំដៅសម្រេចឱ្យបាន ១០០% នៃចំនួនក្បាលដីប៉ាន់ស្មាន ដំបូង ៧ លានក្បាលដី នៅឆ្នាំ ២០២២ ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គិតមកដល់បច្ចុប្បន្ន ចុះបញ្ជីដីបាន ៦ ៤១៥ ៣១១ បណ្ណ ស្មើ ៩១,៦%លើសផែនការ ១, ៦% ។
៤. ជំរុញការចុះបញ្ជីដីរដ្ឋដែលជាកម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ចចំនួន ៥៧ ក្រុមហ៊ុនដែលនៅសល់, ដីរដ្ឋក្នុងតំបន់ ៣ នៃតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តទាំង ៦ និងជំរុ ដាំដើមត្នោតនៅតាមបណ្ដោយព្រំតំបន់ ៣។
៥. បន្តចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ក្នុងមួយឆ្នាំ ដែលមកដល់ បច្ចុប្បន្នសម្រេចបាន ៣៣ សហគមន៍ ស្មើ ៨៥៦បណ្ណ ទំហំ ៣៣ ៨៩៩ ហិកតា សម្រាប់ ៣ ២៣៥ គ្រួសារ។
៦. បន្តជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ធ្វើការចុះបញ្ជីបំបែកក្បាលដីនិងចុះបញ្ជីចំណែក ឯកជននៃអគារសហកម្មសិទ្ធិជាមុន មុននឹងធ្វើចរន្តការលក់ជូនអតិថិជន។
៧ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ចាប់អនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ទៅក្នុងបណ្ណកម្មសិទ្ធិ។ ៨. អនុវត្តតម្រោងសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) សម្រាប់ការគ្រប់គ្រង ដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយ JICA។
៩. បន្តជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការតាមត្រប់យន្តការដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី និងភាពសុខដុមរមនាក្នុងសង្គម។ គិតមកដល់បច្ចុប្បន្ន ទទួលពាក្យបណ្តឹងសរុប ចំនួន ១៣ ៩៨៤ ករណី បានដោះស្រាយបញ្ចប់នីតិវិធី សរុប ១០ ៨៥៥ ករណី និងកំពុងដោះស្រាយ ៣ ២០៣ករណី។
១០. ជំរុញអនុម័តផែនការពាក់ព័ន្ធ ដើម្បីសម្រេចសូចនាករដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ រួមមាន ផែនការរៀបចំដែនដីតាមតំបន់ចំនួន ២ គឺតំបន់ឆ្នេរសមុទ កម្ពុជា និងតំបន់ជុំវិញបឹងទន្លេសាប, ផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ១០, ប្លង់គោលប្រើប្រាស់ ដីថ្នាក់ក្រុងនិងទីប្រជុំជនចំនួន ១៤, ប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ខណ្ឌចំនួន ៣១ និងផែនការ ប្រើប្រាស់ដីឃុំ សង្កាត់ចំនួន ៥៧។
១១. ខិតខំការពារសំណង់អគារបេតិកភណ្ឌ ស្របតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៨សរ ចុះថ្ងៃ ទី ១២ ខែតុលា ឆ្នាំ ២០២១។
១២. ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មុនផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន សំណង់និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ចំពោះសំណង់រដ្ឋ ត្រូវមានការត្រួតពិនិត្យនិងបញ្ជាក់ សំណង់ដោយក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចំពោះសំណង់ឯកជន ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយ ក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
១៣. បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិសំណង់។ ១៤. ចុះធ្វើអធិការកិច្ចសំណង់ ចាត់វិធានការ និងពិន័យអន្តរការណ៍ចំពោះបទល្មើសសំណង់។
១៥. បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដីចំនួន ៥០០ គ្រួសារ ក្នុងមួយឆ្នាំ និងបន្តអនុវត្តចែកដី និង/ ឬ ផ្ទះ ជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅ តាមព្រំដែនចំនួន ៥០០ ខ្នង ក្នុងមួយឆ្នាំ។
១៦ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈការប្រមូលផ្ដុំកម្លាំងមន្ត្រីជំនាញឱ្យក្លាយ ជាធនធានដ៏សំខាន់សម្រាប់អនុវត្តភារកិច្ចនិងសមត្ថកិច្ចរបស់ក្រសួង។
១៧. បន្តគ្រប់គ្រងវត្តមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា និងចាត់វិធានការចំពោះមន្ត្រីអសកម្ម។ ១៨. បន្តពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ដែលនៅឆ្នាំ២០២១ នេះ ប្រមូលចំណូលបានជិត ១១៨ លានដុល្លារ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។