បង្ក្រាប ឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ៩នាក់ និងរឹបអូស គ្រឿងញៀនជិត ៣៥០គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរសេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប។
ករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន ។ សមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ ។
កិច្ចប្រតិបត្តិការនៅ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង នៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៩នាក់ ៖ ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។ ២-ឈ្មោះ LI YI NAN ភេទប្រុស, ៣-ឈ្មោះ SUN LIANG ភេទប្រុស, ៤-ឈ្មោះ SUN HAI TAO ភេទប្រុស, ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស, ៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស,៧-ឈ្មោះ WANG LEI ភេទប្រុស ៨-ឈ្មោះ WANG YUE ភេទប្រុស និង៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស ។
ចាប់យកវត្ថុតាង ៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។
ចាប់យកទ្រព្យសម្បត្តិ ១/រថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 ២/ ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 ៣/ទូរស័ព្ទដៃ ចំនួន ១០គ្រឿង ៤/ប្រាក់ ៣០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ក្រុមឧក្រឹដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣ ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕