ភ្នំពេញ៖ «សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយបានផ្តល់ឱកាសសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំ និងឧត្តមានុវត្តន៍ការងារ សំដៅពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃមន្រ្តីរាជការជាពិសេសជូនមន្រ្តីរាជការជាយុវជន ដែលនឹងក្លាយជាអ្នកបន្តវេនដ៏សំខាន់នៅក្នុងអង្គភាពរបស់ខ្លួន និងស្របទៅតាមសភាពការណ៍ និងការវិវឌ្ឍថ្មីៗរបស់កម្ពុជា និងក្របខណ្ឌវិស័យបរិស្ថាន» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំ» នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រសួងបរិស្ថានមានបេសកម្មដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយសមស្រប និងមាននិរន្តភាព និងការរស់នៅដោយចីរភាព ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ក្នុងបរិបទចក្ខុវិស័យទាំង៣គឺ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចក្ខុវិស័យបរិស្ថានឆ្នាំ២០២៣ និង ចក្ខុវិស័យអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២៣។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងបរិស្ថាន តែងតែរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជូនមន្រ្តីរាជការទើបជាប់ក្របខណ្ឌថ្មីក្នុងគោលបំណង បណ្តុះស្មារតី ឆន្ទៈ មនសិការ ក្រមសីលធម៌ អោយស្រលាញ់ជាតិ់មាតុភូមិ ក្រសួងស្ថាប័ន ពង្រឹងសមត្ថភាព និងក្រមសីលធម៌ក្នុងភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការជាយុវជន សម្រាប់បន្តវេន។ជាពិសេស សិក្ខាសាលានេះក៏មានការចែករំលែកនូវបទពិសោធន៍ល្អៗ ពីថ្នាក់ដឹកនាំរបស់ក្រសួង ក្នុងការអនុត្តតួនាទីភារកិច្ច គោលនយោបាយរបស់ក្រសួងចំពោះកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ជូនសិក្ខាកាមជាមន្រ្តីវ័យក្មេងចំនួន២៤៥នាក់ ។