ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នែះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្ទឹងត្រែង សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០២០-២០២១ នេះដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ និងដាក់ពាក្យប្រលងចូលបម្រើការក្នុងស្ថាប័នរដ្ឋ ឬឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស ។
គួរបញ្ចាក់ផងដែរថា នៅខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមាន មណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច សរុបមានចំនួន ៣២បន្ទប់ បេក្ខជនសរុបចំនួន ៧៧២នាក់ ស្រីចំនួន ៤១៥នាក់ ក្នុងនោះបែងចែកចេញជា ២៖
១.ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៥បន្ទប់ បេក្ខជន ៦២១នាក់,
២.ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕
ដោយ៖ អ៊ុល គឹមលាង