បាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានកើតឡើង១លើក បណ្តាលអោយឆេះនិងស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ម៉ាក់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអូរទ្រា ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតកើតហេតុ មានរថយន្តម៉ាក ហុីយ៉ាន់ដាយសណ្តោងរឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 3A-7927 បើកបរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាកវីវ៉ាពាក់ស្លាកលេខ បាត់ដំបង1D-9636បើកបរដោយជនរងគ្រោះខាងលើ ក្នុងទិសដៅបញ្ច្រាស់គ្នា ត្រូវរថយន្តបុកនិងឆេះស្លាប់ក្នុងភ្នក់ភ្លើងនៅនឹងកន្លែងកើតហេតុតែម្តង។
ចំណែកតៃកុងបើកបររថយន្ត(មិនស្គាល់អត្តសញ្ញាណ) បានរត់ចូលក្នុងភូមិគេចខ្លួនបាត់ស្រមោលសូន្យឈឹង។
ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចនគរបាលបង្ការ ពន្លត់អគ្គិភ័យបានចេញរថយន្តអគ្គិភ័យចំនួន៣គ្រឿង គឺរថយន្តរបស់អធិការដ្ឋានស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ចុះជួយពន្លត់និងប្រើប្រាស់ទឹកអស់ចំនួន៦ឡានទើបអណ្តាតភ្លើងរលត់អស់ទៅវិញ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរីឯ(សព)ជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខ កុសល