ស៊ីផឹកចាក់ធុងបាស់លឺៗ បង្កការរំខានយ៉ាងខ្លាំង រហូតបងៗ ប៉ូលិស ទៅផ្តិតមេដៃដល់ផ្ទះ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «ជំរាបសួរ ប្អូនមានរឿងចង់សុំជំនួយ គឺថាអ្នកជិតខាងគាត់ស៊ីផឹកចាក់ធុងបាស់លឺៗបង្កការរំខានយ៉ាងខ្លាំង រហូតមកដល់ពេលនេះហើយក៏នៅតែកងរំពងខ្លាំងណាស់ ហើយមានយប់ខ្លះគាត់ចាក់ដល់ជាងពាក់កណ្តាលអធ្រាត្រ។

បញ្ជាក់គឺពួកគាត់ចាក់រំខានបែបនេះជារៀងរាល់យប់ដោយមិនខ្វល់ពីអ្នកជិតខាងត្រូវការសម្រាករឺយ៉ាងណា ហើយក៏គ្មានអាជ្ញាធរមកធ្វើការណែនាំអីសោះ ព្រោះថារាល់យប់តែម្តង ហើយកម្រិតសម្លេងកងរំពងរាប់គីឡូម៉ែត្រ។ ក្នុងនាមជាពលរដ្ឋម្នាក់ប្អូនពិតជាមានការពិបាកមែនទែន ព្រោះឡើងហ៊ឹងត្រចៀករាល់យប់ ព្រោះបន្ទាប់ពីធ្វើការអស់កម្លាំងម្នាក់ៗតែងតែត្រូវការសម្រាក។ សូមបងៗជួយចាត់វិធានការណ៍លើបុគ្គលទាំងនោះផង។ បញ្ជាក់ទីតាំងៈ ភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល»។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ស្រាវជ្រាវឆ្លើយតបករណីខាងលើ។

ជាលទ្ធផល៖នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល លោវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរះ ចុះទៅដល់ផ្ទះអ្នកលក់ដូរដែលច្រើនតែចាក់ធុងបាស់បង្កការរំខាននោះមានឈ្មោះ ទៀង សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណាត់ការ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរះ បានធ្វើការណែនាំអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការចាក់ធុងបាស់ខុសពេលវេលា និងលឺសំឡេងខ្លាំងៗបណ្ដាលឲ្យមានការរំខានដល់ផ្ទះអ្នកជិតខាងបន្តទៀត។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close