ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណី ប៉ុនប៉ង មនុស្សឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ទៅលើអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស (នៅខាងមុខសណ្ឋាគារ) ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យមានគ្នាចំនួន២នាក់ បានសុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយបានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់ ១៨,០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) សរុបទាំង ២នាក់ ចំនួន ៣៦,០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក)។
ក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ២នាក់រួចមក ស្រាប់តែជនសង្ស័យទាំង២នាក់ បានព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាសនោះ ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី១ដើម ភ្ជង់ពោះជនរងគ្រោះ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ BAO JIE ជាអ្នកចាប់ក្រៀកក។ ពេលនោះសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ ឃើញក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង០២នាក់។ ពេលនោះជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លី បាញ់១គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខជនជាតិចិនម្នាក់ រងរបួសត្រង់ពោះបៀមគ្រាប់ជាប់។ បន្ទាប់មកជនសង្ស័យទាំង២នាក់ ក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៤ និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ ០១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ។
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG បានថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ខណៈកំពុងសម្ងំលាក់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អិលវីចាស់។
ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដោយឡែកជនរងគ្រោះ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងសង្គ្រោះនៅមន្ទីរព្យាបាល ស៊ីកាងអ៊ីយៀន។
សូមបញ្ជាក់ថាជនសង្ស័យទាំង២នាក់៖
១-ឈ្មោះ JIANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មាទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២-ឈ្មោះ BAO JIE ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0751542 មានទីលំនៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ៈ 000168
-បង់កាំភ្លើង ០១ មាន ០៥គ្រាប់
-បំពង់ផ្ទប់សម្លេង (ស៊ីឡង់) ០១ ពណ៌ខ្មៅ
-ខ្នោះដៃ ០២គូរ
-ពិលឆក់ ០១គ្រឿង
-ស្កុត ០១ដុំ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង០២នាក់ខាងលើ ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្ដន្ទាទោសតាមច្បាប់។
គួររំលឹកថាកន្លងទៅថ្មីៗនេះ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកសមត្ថកិច្ច ត្រូវពង្រឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវអ្នកកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់ ត្រូវយកមកប្រគល់ជូនសមត្ថកិច្ចបើមិនចង់មានទោសទណ្ឌដល់ខ្លួន៕