ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ ក្រុមការងារ ចុះអនុវត្ត សេចក្ដីជូនដំណឹងលេខ: ២៧៩/២១ស.ជ.ណ ចុះថ្ងៃទី១៤ កញ្ញា ២០២១ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ។
លោក ប៉ាង លីដា បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អនុញ្ញាតអោយ លោក បន្តដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់ មហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅ៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អភិបាលរងខណ្ឌ រូបនេះ ប្រាប់អោយដឹងថា ការចុះអនុវត្ត សេចក្ដីជូនដំណឹង ខាងលើ បានចាប់ រថយន្តកុងទីន័រ ដែលឈប់ចតលើផ្លូវ បង្កការកកស្ទះ និងបង្កគ្រោះថ្នាក់ ចំនួន១២គ្រឿង។ ឆ្លៀតក្នុងឳកាលនោះ លោក ប៉ាង លីដា សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មេត្តា ចូលរួមសហការ អនុវត្តសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យទាំងអស់គ្នា ជាពិសេស សូមមេត្តា កុំយកឈ្មោះអ្នកនេះ អ្នកនោះមកអន្តរាគមន៍អី ព្រោះលោកអនុត្ត តាមតែសេចក្តីជូនដំណឹង របស់ រដ្ឋបាល ខណ្ឌពោធិ៍សែនជ័យទេ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ កញ្ញា ២០២១ កន្លងទៅ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានចេញលិខិតជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដែលមានខ្លឹមសារថាដូចខាងក្រោម ៖
ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម រោងចក្រ-សហគ្រាស និងម្ចាស់ផែស្ងួត តាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ដែលបានដាក់ តាំងរបស់របរ សម្ភារៈផ្សេងៗ និងតសំយ៉ាបព្រមទាំងការចតយានយន្តគ្រប់ប្រភេទមកលើចិញ្ចើមផ្លូវសាធារណៈឱ្យ បានជ្រាបថាៈ ដើម្បីឱ្យមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំ ដូចខាងក្រោម៖
ទី១. ចំពោះសំណង់ ហ្វែមដែក ការត សំយ៉ាប និងការចតយានយន្ត រំលោភលើចិញ្ចើមផ្លូវសាធារណៈ៖ ម្ចាស់ទីតាំងត្រូវរុះរើចេញ ដោយស្ម័គ្រចិត្ត និងបញ្ឈប់ការចតយានយន្ត នៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំងរបស់របរ សម្ភារៈផ្សេងៗក្នុងរយៈពេល ៧ថ្ងៃឱ្យអស់ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ទី២. ចំពោះទីតាំងអាជីវកម្មស្របច្បាប់ ដែលមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈត្រូវអនុវត្ត៖ ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតដាច់ខាតចំពោះការចត មធ្យោបាយគ្រប់ប្រភេទំលើចិញ្ចើមផ្លូវត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច រាល់កាកសំណល់ផ្សេងៗ
ត្រូវច្រកថង់ចងឱ្យជិត ឬវេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។ មិនត្រូវបញ្ចេញសំរាម ឬលាងរថយន្ត ម៉ូតូ ឬសម្ភារៈផ្សេងៗបង្ហូរមកលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។
ក្នុង ករណី លោក/លោកសី មិនអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធាន ការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅ លើទីតាំងនោះឡើយ។
ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក/លោកសី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូស មិនស្តាប់ការណែនាំ អាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ លោក/លោកស្រី នឹងសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ជាពុំខានឡើយ៕