ភ្នំពេញ៖ ភាពអសន្តិសុខ បង្កឡើងដោយក្រុមជនសង្ស័យ បន្តធ្វើសកម្មភាព លួច ឆក់ ប្លន់ ញឹកញាប់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណៈបទល្មើសខ្លះ សមត្ថកិច្ច អាចបង្ក្រាបបាន តែករណីខ្លះ ស្ងាត់ដូចចោរលួចសេះ ធ្វើអោយ គោលនយោបាយ ភូមិ-សង្កាត់ ទាំង៧ចំណុច ដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាបាលកម្ពុជា មិនទាន់មានប្រសិទ្ធភាព នៅឡើយ។
ជាក់ស្តែង ជនរងគ្រោះជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរ លួចយកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយយប់សោះ។
ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួចគាស់យកផ្លាកលេខរថយន្តមិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើបប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោរឿងបាត់ផ្លាកលេខរថយន្តតែម្តង។
ជនរងគ្រោះ បានបញ្ជាក់ថា រថយន្តពួកគេ ត្រូវក្រុមចោរបានគាស់យកផ្លាកលេខទាំងខាងមុខទាំងខាងក្រោយ ដោយរថយន្តទាំងនោះបានចតទុកនៅពីមុខផ្ទះរបស់ពួកគាត់ជារៀងរាល់ថ្ងៃយប់ ហើយនៅក្នុង «បុរី ឌីអរេស៊ីដេន» នេះគឺមិនមានសន្តិសុខយាមកាមអ្វីនោះឡើយ ដែលជាហេតុធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាសលួចគាស់យកផ្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋទៅបាត់ដោយងាយស្រួលបែបនេះ។
ជនរងគ្រោះបានពោលពាក្យទាំងទឹកមុខមិនរីករាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុងរឹតបន្តឹងទៅលើរថយន្តអត់ពន្ធ ហើយរថយន្តដែលអត់ផ្លាកលេខ គឺមិនអាចបានធ្វើដំណើរចរាចរណ៍នៅតាមដងផ្លូវបានទេ លុះត្រាណាតែយើងស្នើសុំធ្វើផ្លាកលេខថ្មីជាមុនសិន។
ក្រុមប្រជាពលរដ្ឋរងគ្រោះបន្ទាប់ពីត្រូវចោរលួចគាស់ផ្លាកលេខយកទៅបាត់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទាស់ឱ្យខាងតែបាន និងសូមអំពាវនាវដល់សមត្ថកិច្ច មេត្តារឹតបន្តឹងសន្តិសុខជូនប្រជាពលរដ្ឋផង ខណៈរឿងនេះជារឿងចោរកម្មដ៏គួរឱ្យភ័យខ្លាច លើកនេះចោរគាស់ត្រឹមផ្លាកលេខរថយន្ត ថ្ងៃក្រោយអាចគាស់ផ្ទះ និងអំពើផ្សេងៗទៀតក៏ថាបាន៕