បើករថយន្ត លើសល្បឿនកំណត់ ក្នុងទីប្រជុំជន ឆក់យកជីវិត អ្នករត់ម៉ូតូឌុប ម្នាក់ !

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ច អោយដឹងថាកាលល្ងាចថ្ងៃទី២២ ខែធ្នូឆ្នាំ ២០២១ នេះ មាន ករណី គ្រោះចរាចរណ៍ ម៉ូតូ ជាមួយរថយន្ត នៅផ្លូវ បំបែកជាបួន តាមបណ្ដោយ ផ្លូវជាតិ៩ នឹង ផ្លូវលេខ ៦៤ ចូលមកក្រុងស្ទឹងត្រែង ស្ថិតនៅភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បណ្តាលអោយ អ្នករត់ម៉ូតូឌុបម្នាក់ ស្លាប់។

ប្រភពីកន្លែងកើតហេតុថា ម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើនោះ ម៉ាក Honda Dream សេរីឆ្នាំ ២០១៦ រីឯ រថយន្ត បង្ក ម៉ាក យីឌុប ពាក់ផ្លាក លេខ ត្បូងឃ្មុំ 3A- 3167 បានព្យាយាមបើករត់គេច តែត្រូវកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់បានមកវិញ នៅលើបណ្ដោយផ្លូវលេខ ៩ស្ថិត ក្នុងឃុំស្រែឫស្សីស្រុក ថាឡាបរិវ៉ាត់។

ជនរងគ្រោះ ឈ្មោះ សិដ្ឋ ចាន់ថន ហៅប្រុស មុខរបរត់ម៉ូតូឌុប អាយុប្រ ៤៩ ឆ្នាំ រស់នៅសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយទទួលដំណឹង ថាមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ មន្ត្រីនគរបាល ជំនាញ ចរាចរណ៍ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះទៅដល់គោលដៅ ដើម្បីធ្វើការវាស់វែង និងជួយសង្គ្រោះយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដែរ ជាអកុសល ពេលមកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ទៅហើយ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន ។

តាមការសន្និដ្ឋានរបស់ សមត្ថកិច្ច ថា អ្នកបើកបរ រថយន្ត ល្មើសនឹងច្បាប់បើកបរ ក្នុងទីប្រជុំជន ដោយបើកបរ លើសល្បឿនកំណត់។

បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close