ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់ ១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។
អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។
ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។ អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំ ១០,០២៦.៣១ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគារសាលាជាតិគយ មានកម្ពស់ ១២ជាន់ ស្មើនឹង ៥០ម៉ែត្រ បណ្តោយប្រវែង ៤៩,២០ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។
ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ អគារនេះ មានបណ្តោយប្រវែង ៣៨,៧០ម៉ែត្រ ទទឹងប្រវែង ១៨ម៉ែត្រ។
វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ។ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាងជាតិចេញស្ថានភាពដ៏លំបាកក្រោយសំណល់នៃភ្លើងសង្គ្រាម។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ ព្រះរាជក្រមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបាន បញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបប ខ្មែរក្រហម។
អង្គភាពនេះ ចាប់ដំណើរការ ឡើងវិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួង ពាណិជ្ជកម្ម ។ តែត្រូវ បានផ្ទេរទៅនៅក្រោម ឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយ និងរដ្ឋាករ ត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតួនាទី និងភារកិច្ច ដូចតទៅ៖
* លើកសំណើគោលនយោបាយ ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ ព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារប្រមូលពន្ធ និងអាករនាំចេញ-នាំចូលគ្រប់ប្រភេទ។ ជាពិសេសពិនិត្យពិចារណាក្នុងការកសាង និងអនុវត្តតារាងពន្ធគយ និងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយ និងរដ្ឋាករ លើមុខទំនិញគ្រប់ប្រភេទឱ្យបានសមស្របទៅតាមដំណាក់កាលនីមួយៗនៃការវិវត្តសេដ្ឋកិច្ចជាតិ និងអន្តរជាតិ
* ជាស្ថាប័ននាំមុខតែមួយគត់ ដែលទទួលខុសត្រូវលើការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅមាត់ច្រកព្រំដែន និងមានភារកិច្ចសម្របសម្រួលឱ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឱ្យមានការត្រួតពិនិត្យដោយស្ថាប័នផ្សេងទៀត ស្របតាមការកំណត់រកឃើញហានិភ័យ
* គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទលើកវិធានការរាំងខ្ទប់ និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ
* ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទោះមាន ឬគ្មានលក្ខណៈពាណិជ្ជកម្មក្តី ដោយរាប់បញ្ចូលទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្ដូរលំនៅដ្ឋានរូបិយបណ្ណ លោហធាតុត្បូងថ្មមានតម្លៃបេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទលើកគម្រោងជ្រើសរើស និងបណ្តុះបណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គលិក និងភ្នាក់ងារគយនិងរដ្ឋាករអនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករ
* ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗអនុវត្តនូវភារកិច្ចផ្សេងទៀតតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានតួយ និងរដ្ឋាករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មានសិទ្ធិដឹកនាំ និងត្រួតពិនិត្យលើរាល់អង្គភាពគយ និងរដ្ឋាករពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានបេសកកម្មដូចខាងក្រោម ទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ ឬនាំចូល ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀតដែលពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ការធ្វើចរាចរ និងការធ្វើសន្និធិទំនិញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មានបេសកកម្ម ដាក់បទប្បញ្ញត្តិលើការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញនាំចេញ-នាំចូលជំរុញការបង្ការ និងការបង្ក្រាបអំពើល្មើសនិងអំពើត់ពន្ធចូលរួមបង្ការ និងទប់ស្កាត់ ភេរវកម្មនិងអំពើវិទ្ធង្សនា សេដ្ឋកិច្ច ដើម្បីសន្តិសុខ និង សុវត្ថិភាពសង្គម។ ចូលរួមអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជំរុញការអនុវត្តតាមស្ដង់ដារអន្តរជាតិ និងការអនុវត្តល្អប្រសើរ ដែលពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យគយ និងការសម្រួលពាណិជ្ជកម្ម ជាពិសេសការអនុវត្តគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងការធ្វើស្វ័យប្រវត្តិកម្មគយ។
ដើម្បីចូលរួមកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងបម្រើតម្រូវការនានារបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រឹងប្រែងធ្វើកំណែទម្រង់ និងអនុវត្តតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជូនលើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការប្រមូលពន្ធលើផលិតផលនាំចេញ-នាំចូល។
យោងតាមរបាយការណ៍របស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ឆ្នាំ២០១៩ ជាឆ្នាំនៃការប្រមូលចំណូលបានល្អបំផុត ដោយសម្រេចបានក្នុងទំហំប្រមាណ ៣,២១៤លានដុល្លារអាម៉េរិក ត្រូវជា ១៤២.៣ភាគរយ នៃផែនការចំណូលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
ដោយឡែករយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ អត្រាកំណើនចំណូលពន្ធ និងអាករ ប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានជាមធ្យមប្រចាំឆ្នាំប្រមាណ ១៩.៥% ដែលធ្វើឱ្យតួលេខចំណូលឆ្នាំ ២០១៩ មានទំហំស្មើនឹងជិត ២ដង នៃចំណូលដែលប្រមូលបាន ក្នុងឆ្នាំ២០១៤។
ប៉ុន្តែចាប់ពីដើមឆ្នាំ២០២០មក ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ និងបានធ្វើឲ្យរង្គោះរង្គើរយ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ។ កត្តានេះ បានធ្វើឲ្យចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ជាក់ស្ដែងក្នុងឆ្នាំ២០២០ ចំណូលពន្ធ និងអាករ ប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានចំនួនតែ ៩,៧៩៨.៤ ប៊ីលានរៀល គឺត្រូវជាប្រមាណ ៨៣.៥ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
នៅឆ្នាំ២០២១នេះ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩,២៨៣ប៊ី-លានរៀល ឬ ត្រូវជា ៩៧ភាគរយ នៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕