ជនជាតិ ឥណ្ឌូនេស៊ី ម្នាក់ ប៉ុនប៉ង ចាប់រំលោភ បងស្រីរបស់ខ្លួន ដាច់ចិត្ត សុំកិច្ចអន្តរាគមន៍ ពី ស្នងការខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ គណនីឈ្មោះ Kelvin និងសារព័ត៌មាន TV News បានបង្ហោះ និងចុះផ្សាយ មានខ្លឹមសារថា «សូមជួយបងស្រីខ្ញុំផងបងប្អូន ខ្ញុំបាទ សម្បត្តិ មធូរ៉ា ជាប្អូនប្រុសបង្កើតរបស់ ឈ្មោះ ស .ម .ល. ណ ដែលជាជនរងគ្រោះក្នុងហេតុការណ៍ ប៉ុនប៉ង រំលោភសេពសន្ថវៈ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តមស្នងការ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនបងស្រីខ្ញុំ និងគ្រួសាររបស់ខ្ញុំក្នុងករណីខាងលើនេះផង ព្រោះមកដល់ពេលនេះគឺមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ ហើយបងស្រីរបស់ខ្ញុំក៏បានដាក់ពាក្យបណ្ដឹងរួចផងដែរប៉ុន្តែស្ថានភាពគឺស្ងប់ស្ងាត់គ្មានដំណឹងអ្វីទាំងអស់មកបងស្រីរបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថាយុត្តិធម៌គឺមានសម្រាប់បងស្រីរបស់ខ្ញុំ ព្រោះពេលនេះស្ថានភាពស្មារតីរបស់គាត់គឺមានការប៉ះពាល់ជាខ្លាំង ក្រោយទទួលហេតុការណ៍ខាងលើមកលើរូបគាត់។ ខ្ញុំសង្ឃឹមថាឯកឧត្តមស្នងការខេត្តមេត្តាជ្រាប និងជួយដល់បងស្រីរបស់ខ្ញុំ ព្រោះខ្ញុំដឹងច្បាស់ថា ឯកឧត្តមស្នងការ លោកប្រកាន់គោលជំហរបម្រើរាស្រ្ត និងបំពេញតួនាទីរបស់លោកកន្លងមកល្អណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមានភាពសប្បាយរីករាយដែលមានលោកជាស្នងការក្នុងខេត្តកណ្ដាលនេះ ដូច្នេះខ្ញុំ និងក្រុមគ្រួសារ គឺមានតែលើកម្រាមដៃដប់សំពះសុំយុត្តិធម៌ពីឯកឧត្តមស្នងការជួយបងស្រីរបស់ខ្ញុំផង។

ខ្ញុំសុំឲ្យបងប្អូនមេត្តាជួយ Share សារមួយនេះផងដើម្បីជួយរកយុត្តិធម៌ឲ្យបងស្រីខ្ញុំ ដោយក្ដីគោរពពីខ្ញុំ និងគ្រួសារ (បងស្រី!! ប្អូននឹងរកយុត្តិធម៌ជូនបង បងត្រូវរឹងមាំ និងថែរក្សាសុខភាពរបស់បង កុំគិតច្រើន!! បងនឹងទទួលបានភាពយុត្តិធម៌ឆាប់ៗនេះ»។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាកខេត្តកណ្តាល ចាត់ឲ្យក្រុមការងារប្រតិកម្មរហ័ស និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវបំភ្លឺ ករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

មានករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ កើតហេតុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ស .ម .ល. ណ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ ឃុំកើតហេតុ។

ជនសង្ស័យឈ្មោះ JIMMY (ជីមី) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ ឃុំកើតហេតុ។

វត្ថុតាងចាប់យករួមមាន៖ លិខិតឆ្លងដែនលេខ C3926016 របស់ ឈ្មោះ JIMMY ចំនួន១។
កូនសោ ចំនួន១ចង្កោម មាន(៧កូនសោរ)។

ករណីនេះ ក្រោយពីកើតហេតុភ្លាម ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរថ្ឋបាលសំពៅពូន។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវទីកន្លែងកើតហេតុ នាំខ្លួន ឈ្មោះJIMMY (ជីមី) មកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរតាមនីតិវិធី។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ និង២៩នាទី យោងតាមបញ្ជារបស់ ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យមេធាវីការពារក្តី ធានាយក ឈ្មោះ JIMMY (ជីមី) ត្រឡប់ទៅលំនៅដ្ឋានវិញ។ ហើយនៅរសៀលថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ JIMMY (ជីមី) ត្រូវបានលោកមេធាវី ហួត សុខជា អត្តលេខ ២០៤០ សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជាមេធាវីក្រុមមេធាវី ប៊ី ធី ស៊ី និងសហការី ធានាយកទៅលំនៅដ្ឋានវិញ។

ក្រោយមកកម្លាំងផ្នែកជំនាញ នៃអធិការនគរបាលស្រុកកោះធំ បានស៊ើបអង្កេតកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីការិយាល័យជំនាញពិនិត្យត្រឹមត្រូវតាមនីតិវិធី បានបញ្ជូនសំណុំរឿងនេះ ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ រួចរាល់។ បច្ចុប្បន្ន ករណីនេះ ជាចំណាត់ការរបស់តុលាការ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close