គណនី ហ្វេសបុក ឈ្មោះ Mak Thearey ៖ ករណី ចោរប្លន់ នៅ 7NG វាអយុត្តិធម៌ពេក សំរាប់ពួកខ្ញុំអ្នកក្រ គ្មានសមត្ថកិច្ច ណាអើពើ រកយុត្តិធម៌ទេ! ពេលនេះ ..!
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបចំពោះ គណនីហ្វេសបុកឈ្មោះ Mak Thearey ដែលបានបង្ហោះក្នុងបណ្តាញ Facebook មានខ្លឹមសារថា៖ «មាន ករណីចោរប្លន់ ថ្ងៃទី៥ ខែ១២ ឆ្នាំ២០២១ នៅ 7NG ពេលខ្លះមានអារម្មណ៍ថា មិនចង់ផុសទេតែវាអយុត្តិធម៌ពេក សំរាប់ពួកខ្ញុំអ្នកក្រ គ្មានសមត្ថកិច្ចណាអើពើរកយុត្តិធម៌ទេ បើគ្មានលុយច្រើនអោយ នៅផ្ទះមានកាំម៉ាសុវត្តិភាព ឃើញចោរចូលប្លន់ឃើញភិនភាគ ទាំងអស់ ច្បាស់ប៉ុណ្ណឹងហើយ នៅចាប់មិនបាន សំរាប់ចោរប្លន់អ្នកមាន គេរកតែ១ថ្ងៃទៅ២ថ្ងៃប៉ុណ្ណោះ វាអយុត្តិធម៌ពេកហើយសំរាប់អ្នកក្រ សូមបងប្អូនអ្នកដែលបានអានជួយស៊ែ ម្នាក់មួយផង ដើម្បីអោយបងប្អូនខ្មែរប្រុងប្រយ័ត្នទាំងអស់គ្នា» ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបំភ្លឺករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
ករណី ៖ លួចមានស្ថានទម្ងន់ទោស (ប្លន់ វីង) កើតហេតុថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ១០នាទី ចំណុចក្រុមហ៊ុន 7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន២នាក់៖
១-ឈ្មោះ ស៊ឹម វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ និងបើក វីង Wing (មានរបួសមុតប្រអប់ដៃ ខាងឆ្វេង ចំនួន ១កន្លែង មុតរលាត់ មួយកន្លែង) (ជាប្តី)។
២-ឈ្មោះ សន ចន្ធូ ភេទ ស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ និងបើកវីង (ជាប្រពន្ធ)
អ្នកទាំងពីរមានទីលំនៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យ ចំនួន២នាក់ ភេទប្រុស មិនស្គាល់ អត្តសញ្ញាណ។
សម្ភារបាត់បង់៖ ប្រាក់ប្រហែល ២,០០០$ ទូរស័ព្ទដៃចំនួន២គ្រឿង
១.ទូរស័ព្ទម៉ាកOPPO ចំនួន ១គ្រឿង ប្រើទូរស័ព្ទលេខ 0964222822
២.ទូរស័ព្ទម៉ាកIphone 6 ចំនួន ១គ្រឿង ប្រើទូរស័ព្ទលេខ0712922224
ប្រភពអោយដឹងថា កាលពីថ្ងៃទី៥ ធ្នូ ២០២១ ម៉ោង ១៤ និង១០នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម និងកាំបិតផ្លែបត់ចំនួនមួយ បានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ស៊ឹម វុទ្ធី ជាផ្ទះបើកវីង ពេលទៅដល់ជនសង្ស័យបានប្រាប់ជនរងគ្រោះថា មកដកប្រាក់ ឯជនរងគ្រោះប្រាប់ថាឱ្យដោះម៉ាសចេញរួចក៏ដើរចូលមកបើកទ្វារទូវីង ស្រាប់តែជនសង្ស័យដែលកាន់កាំភ្លើងខ្លីបានភ្ជង់ប្រពន្ធជនរងគ្រោះ និងប្រាប់ថាកុំឱ្យស្រែក ជនរងគ្រោះក៏ចេញមកជួយប្រពន្ធ និងបានប្រតាយប្រតប់ជាមួយជនសង្ស័យទាំងពីរនាក់ ក្នុងពេលប្រតាយប្រតប់នោះ ជនសង្ស័យដែលកាន់កូនកាំបិត ចាក់ជនរងគ្រោះរងរបួសបាតដៃខាងឆ្វេង ចំណែកជនសង្ស័យម្នាក់ទៀតបានកាន់កាំភ្លើងខ្លីបាញ់ឡើងលើចំនួនបីគ្រាប់ ហើយភ្ជង់ជនរងគ្រោះឱ្យនាំទៅចាក់សោរ បើកកិតុនៅក្នុងទូវីង យកប្រាក់អស់ចំនួនជាង២០០០ដុល្លារអាមេរិក និងយកទូរស័ព្ទចំនួន ២គ្រឿង
(១.ទូរស័ព្ទ ម៉ាកOPPOចំនួន០១គ្រឿង ប្រើទូរស័ព្ទលេខ 0964222822
២.ទូរស័ព្ទម៉ាកIphone 6 ចំនួន០១គ្រឿង ប្រើទូរស័ព្ទលេខ0712922224) រួចនាំគ្នាគេចខ្លួនអស់។
ក្រោយពីកើតហេតុភ្លាមដោយមានបញ្ជាដឹកនាំពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងសកម្ម រហូតដល់សព្វថ្ងៃដោយយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន។ ចំពោះការលើកឡើងថា សមត្ថកិច្ច មិនអើពើក្នុងករណីខាងលើនេះ មិនមែនជាការពិតនោះទេ។ បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធីស្រាវជ្រាវ ស៊ើបអង្កេតដោយយកចិត្តទុក ដាក់បំផុត។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់ បណ្តាញសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕