(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ ដុតបំផ្លាញចោលនូវផលិតផលអាល់កុលដែលមានសារធាតុមេតាណុល ចំនួន១,៨០០ លីត្រ (មួយពាន់ប្រាំបីរយលីត្រ) និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពចំនួន ១៥០ កញ្ចប់ (Packages)=៦៥ លីត្រ ដែលមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យ និងធ្វើតេស្តរកឃើញ ហើយធ្វើការប្រមូលដកហូតចេញពីទីផ្សារនានានៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងរយៈពេលកន្លងមក។
សកម្មភាពដុតអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពទាំងនោះ ធ្វើឡើងនៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តិទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសាខា ក.ប.ប. ខេត្ត សហការជាមួយមន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មានខេត្ត នគរបាលប្រឆាំងបទល្មើសខេត្ត រួមជាមួយរដ្ឋបាលស្រុកពញាក្រែក និងអាជ្ញាធរឃុំវាលម្លូ ។
បើតាមលោក មាស មោរ៉ា ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាអាល់កុលទាំងនេះគឺ៖ អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើអោយពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បានបើផឹកវា ជាពិសេសមិនអាចកំចាត់មេរោគកូវីដ-១៩។
ជាមួយគ្នានោះ ប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុលក្លែងក្លាយ ទំនិញចំនីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។
ជាពិសេស អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់៕