និស្សិតចំនួន១៩១ រូប ឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១
ភ្នំពេញ៖ នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន លោក លោកស្រីថ្នាក់ដឹកនាំ និងក្រុមការងារវិទ្យាស្ថានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរដល់ក្មួយៗនិស្សិតទាំងអស់ឱ្យប្រឡងជាប់ទាំងអស់គ្នា និងបានចូលរៀនឆ្នាំទី២បន្តទៀតនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងបានគូស បញ្ជាក់ថាឯកឧត្តមចង់ឃើញនិស្សិតជំនាន់ក្រោយរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង ប្រទេសជាតិមាតុភូមិ ជាពិសេស កសាងវិស័យសាធារណការ និងដឹកជញ្ជូនដែលជាវិស័យមួយដ៏មាន សារសំខាន់ឱ្យមានការរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយគួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរដល់និស្សិតជំនាន់ទី១ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាពបច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិ យើងផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្តេជ្ញាត្រៀមនាំយកនិស្សិតរបស់យើងទៅកាន់ការដ្ឋានសាង សង់នានាដូចជា៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មីផងដែរទោះបីគម្រោងនេះ មិនស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនការក៏ដោយ ដើម្បីស្វែងយល់ពីបទ ពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងសាងសង់ស្ពានមួយកន្លង ទៀតឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ គម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ។
សូមជម្រាបជូនថា៖ ការប្រឡងបញ្ចប់ឆមាសទីពីរនេះ នឹងប្រព្រឹត្តទៅចំនួនបីថ្ងៃពេញ ទាំងព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយការប្រឡងនេះនឹងត្រូវធ្វើរួមគ្នា នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននិស្សិតចូលរួមប្រឡងសរុប ប្រមាណ១៩១រូប ចូលរួមប្រឡងជាមួយគ្នាក្នុងសាលតែមួយ៕