ប្រធានគណបក្សខ្មែរក្រោក ត្រូវ​ PM ​ចាប់​ខ្លួន​ ក្នុងការបង្ក្រាបករណី ​ប្លន់​ផ្ទះអ្នកលក់ឡេ​ អ៊ាន​ សៀវម៉ី​

ភ្នំពេញ៖ លោក ​សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក​ត្រូវ​បាន​ចាប់​ខ្លួន​ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ។

ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

ក្នុងការបង្ក្រាបនោះ​ សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​លោក​សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក​ ផងដែរ​។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណី ជនសង្ស័យ មួយក្រុមដែលបានចូលប្លន់ដល់ ក្នុងផ្ទះជនរងគ្រោះ នៅបុរីញូថោន កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។

ជំហានដំបូងសមត្ថកិច្ច ជំនាញបានធ្វើការសាកសួរជនរងគ្រោះលើករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមក ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលើការបាត់បង់សរុបនេះ ។

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់ រួមមានខ្សែកពេជ្រធំ ចំនួន ៣ខ្សែ និងគ្រឿង អល័ង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លារ អាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿងផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close