ហ្វេសប៊ុក Lin page បង្ហោះថា ៖ ចូលចាប់ក្នុងផ្ទះ គេគ្មានដីកា ពីតុលាការ ត្រូវមានទោស ពីបទចោទប្រកាន់ រំលោភសិទ្ធិម្ចាស់ផ្ទះគេ! តាមពិត អីចឹងសោះ!
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមលេងបណ្ដាញសង្គមមេត្ដាជ្រាបថា ៖ ក្នុងអំឡុងពេលប៉ុន្មានម៉ោងនេះ មានការបង្ហោះអំពីឃ្លីបវីដេអូ ដែលមានមនុស្សស្រែកយំ ដោយសារតែមិនបានយល់អំពីរូបភាព និងជ្រាបអំពីហេតុការណ៍ខាងលើ អ្នកនិយមបណ្ដាញសង្គមឃើញរូបភាពមើលមកគួរឱ្យសង្វែក តែការពិត…,!
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមបញ្ជក់ជូនដូចខាងក្រោម៖ អំពីសកម្មភាពព័ត៌មានបង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក Lin page ថាចូលចាប់ក្នុងផ្ទះគេគ្មានដីកាពីតុលាការ ត្រូវមានទោសពីបទចោទប្រកាន់រំលោភសិទ្ធិម្ចាស់ផ្ទះគេ ។
យោងតាមរបាយការណ៍អធិការនគរបាលស្រុកបសេដ្ឋ កាលពីថ្ងៃទី១៩ ខែធ្នូ២០២១ នៅវេលាម៉ោង១០និង ៣នាទី សមត្ថកិច្ច បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ អ៊ុត មួយ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្ដឹងពីឈ្មោះ ពេជ្រ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្ពបរុន ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (គេចខ្លួន)ថាបានលួចម៉ូតូរបស់ខ្លួន ម៉ាកហុងដា C.125 ពណ៌ខ្មៅឆ្នាំផលិត 2021 មានស្លាកលេខភ្នុំពេញ 1IS-3526 កាលពីថ្ងៃទី03/11/2021 យកទៅបញ្ចាំអោយឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិខ្ពបរុន ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ២,៦០០,០០០រៀល (ពីលានប្រាំមួយសែនរៀល)។
ដោយមានកិច្ចសហការពីដើមបណ្ដឹង សមត្ថកិច្ចបានចុះពិនិត្យនៅគោលដៅខាងលើ គឺបានប្រទះឃើញម៉ូតូ ដូចការរៀបរាប់របស់ម្ចាស់បណ្ដឹងពិតប្រាកដមែន ទើបសំរេចសុំយោបល់រាយការណ៍ជូនជំនាញព្រហ្មទណ្ឌខេត្ដ ដោយបានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ឯកភាពជាគោលការណ៍ សមត្ថកិច្ច នគរបាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានដឹកនាំកំលាំងចុះទៅគោលដៅទីតាំងផ្ទះរក្សាទុកវត្ថុតាងនៃបទល្មើស។
ឈ្មោះ ប្រាក់ រដ្ឋា បានយល់ព្រមប្រគល់ម៉ូតូដែលជាកម្មវត្ថុនៃបណ្ដឹងជូនសមត្ថកិច្ច ប៉ុន្ដែមិនព្រមសហការមកជាមួយសមត្ថកិច្ចដើម្បីធ្វើតាមនីតិវិធីបំភ្លឺនោះទេ ដោយមានបងប្អូនកូនក្មួយចេញមុខ
បង្កជាភាពចលាចលឆោឡោស្រែកយំបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងផ្អើលជួយរារាំងមិនឱ្យសមត្ថកិច្ចធ្វើការតាមនីតិវិធី។
តាមការបញ្ជាក់ មុខសញ្ញាខាងលើ គឺជាអ្នករកស៊ីទទួលបញ្ចាំ ដោយគ្មានឯកសារ និងមានច្បាប់អនុញ្ញាត។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបន្ដនីតិវិធីនិងចាត់ការ កសាងសំណុំរឿងត្រៀមបញ្ជូនទៅអយ្យការ ដើម្បីចំណាត់ការនីតិវិធីបន្ដ។
សូមបងប្អូន អ្នកនិយមលេងបណ្ដាញសង្គម មេត្ដាកុំបង្ហោះព័ត៌មានដែលមិនបានជ្រាបអំពីព័ត៌មានពិតនាំឱ្យមានការយល់ច្រឡំនិងភាន់ច្រឡំទៅជាភាពបង្កចលាចលកើតឡើងដោយចេតនាណាមួយ…!
អាស្រ័យហេតុនេះសូមសាធារណៈជនជ្រាប និងរងចាំលទ្ធផលនៃចំណាត់ការបន្ដ ….!
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ