មើលលើ វិក័យបត្រ ទិញ-លក់ សរុបទឹកប្រាក់ដែល ក្រុមចោរប្លន់ លោកស្រី​ អ៊ាន​ សៀវម៉ី ឃើញហើយ! 

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណី ជនសង្ស័យ មួយក្រុមដែលបានចូលប្លន់ដល់ ក្នុងផ្ទះជនរងគ្រោះ នៅបុរីញូថោន កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។

ជំហានដំបូងសមត្ថកិច្ច ជំនាញបានធ្វើការសាកសួរជនរងគ្រោះលើករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមក ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលើការបាត់បង់សរុបនេះ ។

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់ រួមមានខ្សែកពេជ្រធំ ចំនួន ៣ខ្សែ និងគ្រឿង អល័ង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លារ អាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿងផងដែរ ។

ពេលនេះសមត្ថកិច្ចចម្រុះកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close