ក្មេងប្រុសម្នាក់ រអិលជើងធ្លាក់ស្រះខាងក្រោយផ្ទះ លង់ទឹកស្លាប់មួយរំពេច

បាត់ដំបង៖ក្មេងប្រុសម្នាក់រស់នៅជាមួយជីដូន ខណះឪពុក ម្តាយទៅរកសុីនៅប្រទេសថៃ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមទី៦ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបវេលបានអោយដឹងថា៖ក្មេងប្រុសរងគ្រោះឈ្មោះ យឿយ លីណា អាយុ៥ឆ្នាំ រស់នៅជាមួយជីដូន នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា៖យោងតាមការបំភ្លឺពីពីស្ត្រីឈ្មោះ អៀម ហ៊ុន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ក្មេងរងគ្រោះ ថាគាត់បានទុកក្មេងនោះដេកអង្រឹងក្រោមផ្ទះម្នាក់ឯង បន្ទាប់មកគាត់ក៍ទៅមើលចៅតូចម្នាក់ទៀតនៅក្នុងតូបលក់ដូរ រយះពេលប្រហែល១០នាទីក្រោយមកគាត់ក្រឡេកមើលចៅឃើញតែអង្រឹងក៍ស្ទុះទៅមើលបាត់ចៅរកមិនឃើញ ស្រែកហៅឈ្មោះសុខ ចន្ធូ និងឈ្មោះសារីម គឹមហុយ ត្រូវជាមីងបង្កើតអោយជួយរក នាំគ្នាដើរចុះឡើងស្រាប់តែឃើញស្នាមជើងក្បែរមាត់ស្រះខាងក្រោយផ្ទះទើបនាំគ្នាចុះរាវរក ក៍ប្រទះឃើញចៅលង់ទឹកស្លាប់បាត់បង់ជីវិតជាហេតុធ្វើអោយសមាជិកក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង។

បន្ទាប់មកកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យទីតាំងកើតហេតុនិងសពក្មេងប្រុសរងគ្រោះរួចហើយអះអាងថា (សព)នោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានប្រគល់ សព អោយទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ សុខ កុសល

 

អត្ថបទដែលជាប់ទាក់ទង
Open

Close