ឯកឧត្តម សាយ សំអាល់៖ ចំនួនអ្នក ចាក់វ៉ាក់សាំងច្រើនលើសលប់ ជាការបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា
ខេត្តព្រះសីហនុ៖ «ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ គឺជាការបង្ហាញឱ្យឃើថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើវ៉ាក់សាំង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្ស ដែលមកពីសង្កាត់លេខ១ និងលេខ៣ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ។
ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលបានផ្តល់កិច្ចគាំពារដល់សុខុមាលភាពរបស់ប្រជាជនយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តគោលនយោបាយស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង៣ដូស ដោយឥតគិតថ្លៃ និងផ្តល់ជាថវិកាឧបត្ថម្ភគ្រួសារអ្នកជំងឺមរណភាពដោយជំងឺកូវីដ-១៩ ទៀតផង។ ជាមួយនឹងជោគជ័យនៃការទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងក៏បានបើកប្រទេសឡើងវិញផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២២៤,២០២នាក់ ដែលស្មើ ៨៨,៩០% នៃប្រជាពលរដ្ឋសរុប។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជាក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ៣៧ ខ្សែ រួមនឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ដោយតែកត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។
ថ្លែងទៅកាន់សមាជិកគណបក្សដែលត្រូវបញ្ចូលថ្មី ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សខេត្ត ក្រុង សង្កាត់ និងមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង និងកសាងបានសមាជិកថ្មីជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ក្នុងខ្សែជីវិតមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលរួមរបស់បងប្អូននាពេលនេះ គឺជាការចូលរួមបន្តវេននៃការកសាងអភិវឌ្ឍជាតិ ថែរក្សាសុខសន្តិភាព និងលើកតម្កើងកិត្យានុភាពជាតិ ហើយក៏ជាកម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ ដើម្បីដឹកនាំប្រទេសយើងរីកចម្រើនទៅមុខ។
គួរបញ្ជាក់ឱ្យដឹងថា សមាជិកចំនួន៥៨៥នាក់បន្ថែមទៀត មកពីសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត ឯកឧត្តម តឹក រ៉េតសំរេច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកសមាជិកា ជាច្រើនរូបទៀត៕