លួច ជល់​មាន់​ និង​អាប៉ោង កណ្តាលវាលស្រែ ប៉ូលិស ដឹងទៀត!

កំពង់ចាម​ ៖​ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​០០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ ករណី​ល្បែងស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​ និង​អាប៉ោង ​ភ្នាល់​ដាក់​ប្រាក់​)​ នៅ​ចំណុច​ក្រោម​ដើម​គរ​ ស្ថិត​នៅ​ភូមិបាល​ង្គ័​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ។​

ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់​ ម៉ូតូ​ចំនួន​៣៣​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close