ខេត្តបាត់ដំបង៖មុខសញ្ញាចោរឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈម្នាក់ ឈ្មោះ បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីនេះជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿងពីជនរងគ្រោះម្នាក់ ឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៣និង២៥នាទីល្ងាច ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានប្រសាសន៍ថា៖ក្រោយពេលកើតហេតុ ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីសុុអោយអោយកម្លាំងនគរបាលជំនាញជួយអន្តរាគមន៍។
យោងតាមមតិណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងក៍ដូចជាលោកវរសេនីយឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារព្រហ្មទណ្ឌកំរិតស្រាល និងមានការសម្របសម្រួលនិតិវិធីដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង ដឹកនាំកម្លាំង អន្តរាគមន៍ បង្ការ បង្ក្រាប ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចខាងលើ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ទូរស័ព្ទដៃចំនួន២គ្រឿង ១-ម៉ាក Wivo (Y51) ១គ្រឿង ២-ទូរស័ព្ទម៉ាក OPPO (Reno4) ១គ្រឿង និងម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនល្មើស។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕
ដោយ ៖ សុខ កុសល