កម្ពុជា រកឃើញ ករណី វិជ្ជមាន កូវីដ-១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicro) ម្នាក់!

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ក្រសួង បានរកឃើញករណី វិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicro) ម្នាក់ ដែលមានលទ្ធផលវិភាគ បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុង នេះ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះ មានផ្ទៃពោះចំនួន ១៥សប្ដាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទី ក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ ម៉ោង ទើបបន្តដំណើរមកដល់ ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុម ការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ញាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។

បច្ចុប្បន្ននេះ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close