ខេត្តពោធិ៍សាត់ ៖ ក្រោយពីធ្វើការសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលកើតមានជាង២០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋដែលជាភាគីទំនាស់ ឈ្មោះ ស្វាយ សាម៉េត និងឈ្មោះ ចាន់ នួន រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទួលប័ណ្ណកម្មសិទ្ធិ សម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេច សូមឱ្យសម្តេចមានអាយុវែង បន្តការដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន។
ពិធីប្រគល់ទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ ត្រូវបានធ្វើឡើង នៅអគារថ្មីសាលាខេត្ត ដោយបានការចូលរួមពី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកស្រីអភិបាលរងស្រុកវាលវែង និងមន្ត្រីសុរិយោដីមួយចំនួនទៀត។