ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី មានករណី អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ធ្វើពីឈើប្រក់ក្បឿង ទំហំ 6 x 7 ម៉ែត្រ ស្ថិតនៅក្នុង ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជនរងគ្រោះឈ្មោះ សេង ហួរ ភេទប្រុស អាយុ៥៤ឆ្នាំ។
ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ទើបគ្រប់គ្រងអគ្គិភ័យ បានទាំងស្រុង ហើយ មិនរាលដាលដល់ផ្ទះអ្នកដទៃទេ។
អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន តែមិនបណ្តាលអោយរងរបួសដល់មនុស្សឡើយ។ មូលហេតុ នៃការឆេះ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។