ស្រាយគំនុំចាស់ លួចបាញ់សម្លាប់ បុរសម្នាក់ មិនដល់១ថ្ងៃផង សមត្ថកិច្ច ឃាត់ខ្លូនបាត់!

ខេត្តព្រះវិហារ ៖ អនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកគូលែន ចុះបើកការស្រាវជ្រាវ ស៊ើបអង្កេត ករណី ឃាតកម្មគិតទុកជាមុន ឈានទៅដល់កំណត់មុខសញ្ញា និងបានធ្វើការនាំខ្លួនមុខសញ្ញា ឈ្មោះ ភោគ មើន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងធ្វើការដកហូតបាន អាវុធកែច្នៃ ( កាប៊ិន ) ចំនួន ១ដើម។

តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះ ឈ្មោះ ឃត់ ឡុញ ភេទ ប្រុស កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ពិតប្រាកដមែន ដោយសារ គំនុំ ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

ជាសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្ត សូមប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ឬភ្ញាក់រលឹក ក្នុងការប្រគល់អាវុធគ្រាប់រំសេវគ្រប់ប្រភេទ ដល់អាជ្ញាធរ និងសមត្ថកិច្ចទើបជៀសផុតគ្រោះថ្នាក់ ជាពិសេស ប្រឈម នឹងច្បាប់មិនខាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close