ផ្ទុះការតវ៉ា រឿងដីជាង៧ហិកតា! រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន ING Holding របស់ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ

 

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីផ្ទុះការតវ៉ារឿងដីសហគមន៍ភូមិស្ទឹងជ្រៅជាង៧ហិកតា នៅផ្លូវ៦០ម៉ែត្រ ចំណុចបឹងជីភោ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រវាងក្រុមប្រជាពលរដ្ឋជាច្រើនរយនាក់និងក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលប្រជាពលរដ្ឋចោទក្រុមហ៊ុនថា បានរំលោភដីខាងលើ ដែលទើបបានកាត់ចូលរាជធានីភ្នំពេញ។

ក្នុងការឈរផ្ដុំគ្នាតវ៉ានោះ ក្រុមប្រជាពលរដ្ឋទាំងនោះបានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត មេត្តាជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ផង ដោយរឿងនេះ បានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រភពពីកន្លែងតវ៉ានោះបា្យដឹងថា នេះមិនមែនជាការតវ៉ាលើកទី១នោះទេ គឺរឿងនេះបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិនទាន់បានដោះស្រាយបញ្ចប់ឡើយ ទោះបីជាមានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ ដែលមានទំហំជាង៧ហិកតា នៅជាប់មហាវិថីសម្ដេចតេជោហ៊ុនសែនឬយើងហៅថាផ្លូវ ៦០ម៉ែត្រ គឺ ប្រជាពលរដ្ឋបានកាន់កាប់និងគ្រប់គ្រងប្រើប្រាស់អាស្រ័យផលតាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង៣០ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋទាំងអស់ បានបង្កើតជាគណៈកម្មការចំនួន១២នាក់និងប្រជាពលរដ្ឋសរុបចំនួន៣៥០គ្រួសារ គឺ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតលក់ដីសហគមន៍ភូមិស្ទឹងជ្រៅចំណុចបឹងជីភោ ដើម្បីយកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិស្ទឹងជ្រៅ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀននិងមណ្ឌលសុខភាព ដែលជាសំណូមពរសេចក្ដីត្រូវការរបស់ប្រជាពលរ្ដឋទាំងអស់និងលោកគ្រូ អ្នកគ្រូ ក្នុងភូមិស្ទឹងជ្រៅ។

ប្រភពបានបន្តថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យប្រជាពលរដ្ឋជាគណៈកម្មការនិងប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ លក់ដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ នេះ តាមរយៈលិខិត លេខ៥៨៥ ស.ជ.ណ.ផ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ និងលិខិតលេខ៩៦៧ ស.ជ.ណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

ប្រភពខ្លះទៀតបន្តថា មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្តាល បានចាត់តាំងមន្ត្រីជំនាញដោយសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ដើម្បីចុះទៅអង្កេតវាស់វែងទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុ ន្តែក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានប្រើប្រាស់កម្លាំងសន្តិសុខរបស់ខ្លួនហាមឃាត់មន្ត្រីជំនាញនិងមន្ត្រីរដ្ឋបាលក្រុងតាខ្មៅដៃមិនអនុញ្ញាតឲ្យចុះវាស់វែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលឡើយ។

ក្រោយមករដ្ឋបាលខេត្តកណ្តាល បានបង្កើតក្រុមការងារដើម្បីចុះពិនិត្យជាក់ស្តែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ហើយក្រុមការងារចម្រុះបានចុះពិនិត្យជាក់ស្ដែង លើទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ ត្រូវបានក្រុមហ៊ុន ING Holding របស់លោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ នេះរំលោភយកដីទៅធ្វើប័ណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ ដោយមានចេញបណ្ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ទៅវិញ។

ប្រជាពលរដ្ឋសំណូមពរសុំកាត់ឆ្វៀលដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅដែលមានទំហំជាង៧ហិកតារ នៅចំណុចបឹងជីភោ និង សុំឲ្យរដ្ឋបាលខេត្តកណ្តាលនិងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោយមកទៀត ក្រសួងមហាផ្ទៃក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើលិខិតមួយច្បាប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជម្រាបមកលោកអភិបាលខេត្តកណ្តាល ដោយក្រសួងមហាផ្ទៃស្នើឲ្យ លោកអភិបាលខេត្តកណ្តាល ត្រូវចាត់ចែងអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនិងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានចេញកន្លងមក ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close