ភ្នំពេញ៖ គ្រឿងឧបភោគ បរិភោគ មានអង្គរ ២០បាវ,មី ២០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអីវ ១០យួរ ,ទឹកផ្លែឈើ ២០កេស ,សំភារៈផ្ទះបាយ ២០សំរាប់ និងថវិការចំនួន ២ លានរៀល ជាទានរបស់វត្តអង្គតាម៉ិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានព្រះគ្រូវិរិយាន័រក្ខធម្ម យ៉ាន់ ថាន់ ចៅអធិការវត្ត និងគណៈកម្មការ រៀបចំប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ។
ការផ្តល់ទេយ្យទានខាងលើនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះស្ថិតនៅសាលាឆាន់វត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយមានការអញ្ជើញទទួលអំណោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ,លោក សំ ធា ប្រធានអន្តរវិស័យខណ្ឌ,និងមន្ត្រីរាជការជុំវិញខណ្ឌ,សង្កាត់,ភូមិជាច្រើននាក់ផងដែរ។
ព្រះគ្រូចៅអធិការ មានសង្ឃដិការថា របស់របរទាំងនេះ មិនមែនជារបស់សល់ ប្រើប្រាស់មិនកើតនោះទេ គឺព្រះសង្ឃទាំងអស់ បានសន្សំបន្តិចម្តងៗ ពីការប្រើប្រាស់ប្រចាំថ្ងៃ ប្រមូលសំរាប់ជាទានជូនទៅកាកបាទក្រហម ដើម្បីបានចែករំលែកដល់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងមូលដ្ឋាន។
នេះជាព្រហ្មវិហាធ៌ម នៃពុទ្ធសាសនា ក្នុងការចែលរំលែកទាន ដល់ទាយកទាយិការ ដែលកំពុងជួបបញ្ហាក្នុងជីវិត បើទោះបីថាការធ្វើទានដោយប្រយោលក្តី ក្នុងទឹកចិត្តជ្រះថ្លា និងទទួលបានបុណ្យកុសលស្មើៗគ្នា ។
លោក ហែម ដារិទ្ធិ បានសម្តែងទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះចៅអធិការវត្តអង្គតាម៉ិញ ដែលជានិច្ចកាលព្រះអង្គ តែងបានចែករំលែក ទេយ្យទាន ទេយ្យវត្ថុ ជាបន្តបន្ទាប់ ជូនមកអនុសាខាខណ្ឌ ដែលនោះគឺជាទុនមួយចំណែក ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធ៌ម ជួយជនរងគ្រោះ ។
លោកអភិបាលខណ្ឌ បានលើកឡើងថា សព្វថ្ងៃនេះកាកបាទក្រហមកំពុងក្លាយជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធ៌ម ជួយជនរងគ្រោះ ពហុវិស័យ ដោយមិនប្រកាន់និន្នាការនយោបាយ ព៌ណសម្បុរ ឬសាសនាអ្វីឡើយ ។
ដោយឡែក សំរាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទោះបីយើងមិនជួបគ្រោះមហន្តរាយធ្ងន់ៗ ដូចបណ្តាខេត្ត ឬដូចប្រទេសនានាលើពិភពលោកក្តី តែភាពក្រីក្រ ក៏ជាបញ្ហាប្រឈមខ្ពស់ ដែលជាបន្ទុកមួយឲ្យអាជ្ញាធរត្រូវរួមសហការគ្នាជាមួយ អនុសាខាខណ្ឌ រិះរកវិធីដោះស្រាយជាបន្តបន្ទាប់ ធ្វើឱ្យយ៉ាងណាឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មានភាពប្រសើឡើង ។
លោកអភិបាលខណ្ឌ សន្យានិងនាំយកអំណោយទាំងនេះ ទៅចែកជូនជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានដោយផ្ទាល់ដៃ មិនឱ្យព្រះអង្គខកបំណងឡើយ ៕