ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ករណី អគ្គិភ័យ កើតមានញឹកញាប់ នៅតាមបណ្តាខេត្ត និង រាជធានីភ្នំពេញ ជាក់ស្តែង នៅវេលាម៉ោង ៦ និង២០ នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ មានករណី អគ្គិភ័យ ឆេះហាង លក់ម៉ូតូ ហុងដា យីហោ លី ប៉េង ដែលមានទីតាំង ស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជនរងគ្រោះ ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ក្នុងនោះ ខូចខាតផ្ទះ ជាន់ក្រោម ខូចខាតប្រហែល ៣០% រថយន្តចំនួន ២ គ្រឿង ខូចខាតទាំងស្រុង ម៉ាក Lexus ៥៧០ ចំនួន១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន១គ្រឿង ម៉ូតូ ខូចខាតធ្ងន់ និងមធ្យម ៥៧ គ្រឿង តែមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ករណីទី២ ករណី អគ្គិភ័យ កើតឡើងកាលពីវេលាម៉ោង ៤ និង៤០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតបឹងតាម៉ាត ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកភូមិបាននិយាយថា ផ្ទះរងគ្រោះដោយអគ្គិភ័យនោះសង់ពីឈើខ្លះនិងមានលាយដែកខ្លះ ទំហំ៥ម៉ែត្រ x ២០ម៉ែត្រ ហើយប្រក់ដំបូលស័ង្កសីរីឯជញ្ជាំងក៏បិទបាំងដោយស័ង្កសីដែរ ដែលមានម្ចាស់ឈ្មោះហម កៃ ភេទប្រុស អាយុ ៥៥ឆ្នាំមុខរបររត់ម៉ូតូឌុប។
ករណីទី៣ អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ជិត ១០០ខ្នង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
ម្ចាស់ទីតាំងមានឈ្មោះ សាន ដេន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។
ករណីទី៤ អគ្គិភ័យ បឆេះបំផ្លាញអស់ផ្ទះចំនួន ១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ទីតាំងមានឈ្មោះ លី ភឿង ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរ នៅផ្ទះ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី។
ករណីទី៥ អគ្គិភ័យ ឆេះផ្ទះ ឈ្មោះ តន់ ធី ភេទ ស្រី អាយុ ៦៧ ឆ្នាំ សមាជិកគ្រួសារ ០៧នាក់ ស្រី ០៣នាក់ ជាកសិករ ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប នៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥:៤៥ នាទី មូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើង ។