ពលរដ្ឋរាយការណ៍ថា គេបើកជល់មាន់ តាមទូរទស្សន៍ ប៉ូលិស ទៅមើលអត់ឃើញ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកដែលសុំមិនបញ្ចេញឈ្មោះ បានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមបងបងប៉ូលីសជួយត្រួតពិនិត្យមើលទីតាំងជល់មាន់មួយកន្លែងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផង។ កន្លែងតាសក់ស ក្រោមការគ្រប់គ្រងតាសក់ស មេឆ្នោតវៀតណាម។ ចាំមើលលោកប៉ូលីសធ្វើការចេញអត់?។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ និង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រះ​ពុទ្ធ​ ចុះស្រាវជ្រាវករណីខាងលើ ។

ជាលទ្ធផល៖ ថ្ងៃ​ពុធ​ ០៤​កើត​ ខែ​មិគសិរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៨​ ខែ​ធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក វរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ ដោយយោងតាមការចុះពិនិត្យ ស្រាវជ្រាវ​ទៅដល់ទីតាំងខាងលើបានឲ្យដឹងថា ៖ នៅក្នុងភូមិ​ ក្រាំង​ស្បូវ​ ឃុំ​ព្រះ​ពុទ្ធ​ កន្លងមកមានតូបកាហ្វេ ០១​កន្លែង របស់​ឈ្មោះ​ បូ​ ដានី​ ភេទស្រី​ អាយុ​៤០​ឆ្នាំ​ ដែលបងប្អូនប្រជាពលរដ្ឋមកទទួលទានកាហ្វេ និងជួបជុំសំណេះសំណាលគ្នាជារៀងរាល់ថ្ងៃ។ ដោយឡែកក្នុងសម័យកាលកូវីដ-១៩ នេះ ម្ចាស់ទីតាំងខាងលើគឺពុំអនុញ្ញាតឲ្យមានការជួបជុំគ្នាដូចមុនទៀតនោះទេ។ (ដោយឡែកកន្លែងដែលថា៖ តាសក់ស និងតាសក់សគ្រប់គ្រងនេះ គឺពុំមាននៅក្នុងមូលដ្ឋាននេះទេ) ស្ថិតក្នុងភូមិក្រាំងស្បូវ នេះគឺមានតែរោងកាហ្វេមួយកន្លែងនេះគត់។ ហើយកន្លងមកធ្លាប់​បាន​កម្លាំងការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង ធ្វើ​ការបង្ត្រាបទីតាំងនេះ និង​ ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យា​អប់រំ​បញ្ឈប់​សកម្មភាព​លេង​ល្បែង​ស៊ី​សងខុស​ច្បាប់​(ភ្នាល់​មាន់ជល់​តាម​អនឡាញ​)​ ម្ដងរួចមកហើយ។

បច្ចុប្បន្ន​ទីតាំងខាងលើនេះគឺពុំមានការ​ជួប​ជុំ និងលេង​ល្បែង​ស៊ី​សងខុស​ច្បាប់​(ភ្នាល់​មាន់ជល់​តាម​អនឡាញ​)ទៀត​នោះទេ​។ ក្រោយពេលចុះដល់ទីតាំងខាងលើនេះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រះពុទ្ធ និងអាជ្ញាធរភូមិឃុំ បានពិនិត្យឃើញថា គឺពុំមានការជួបជុំ លេងល្បែងស៉ីសង (ភ្នាល់ជល់មាន់តាមអនឡាញ នោះទេ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកិច្ចសន្យាបន្ថែម ក្នុងករណីបើមានការលេងល្បែងស៉ីសងខុសច្បាប់នោះទៀតម្ចាស់ទីតាំងខាងលើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close