ឆេះរថយន្ត Lexus 570 ១គ្រឿង និងរថយន្ត Honda CRV ១គ្រឿង ម៉ូតូ៥៧គ្រឿង ក្នុងករណីអគ្គិភ័យ នៅក្រុងកំពត ព្រឹកម៉ិញ

ខេត្តកំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់អោយដឹងថា នៅវេលាម៉ោង ៦ និង២០ នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានករណី អគ្គិភ័យ ឆេះហាង លក់ម៉ូតូ ហុងដា យីហោ លី ប៉េង ដែលមានទីតាំង ស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ក្នុងនោះ ខូចខាតផ្ទះ ជាន់ក្រោម ខូចខាតប្រហែល ៣០% រថយន្តចំនួន ២ គ្រឿង ខូចខាតទាំងស្រុង ម៉ាក Lexus ៥៧០ ចំនួន១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន១គ្រឿង ម៉ូតូ ខូចខាតធ្ងន់ និងមធ្យម ៥៧ គ្រឿង តែមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ករណី អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ។
ក្នុងប្រតិបត្តិការណ៍ពន្លត់ ប្រើប្រាស់រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ រថយន្ត ស្មើរនឹង ៤០ ម៉ែត្រគូប ហើយ អគ្គិភ័យនេះ រលត់ទាំងស្រុងនៅវេលាម៉ោង ៨ និង ២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ដ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពាក់ព័ន្ធជាមួយនឹងករណីអគ្គិភ័យ ខណៈដែលខែនេះ ដល់ខែរដូវរំហើយ វាងាយប្រឈមជាមួយការកើតឡើងគ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ។

អត្ថបទដែលជាប់ទាក់ទង
Open

Close