ភ្នំពេញ ៖ ក្រុមជនសង្ស័យ នៅតែបន្តបង្កភាពអសន្តិសុខ លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ជាបន្តបន្ទាប់ ខណៈបទល្មើសខ្លះ ត្រូវសមត្ថកិច្ច បង្ក្រាប តែបទល្មើសខ្លះទៀត ហាក់ស្ងាត់សូន្យឈឹង ធ្វើគោលនយោបាយ ភូមិ-សង្កាត់ ទាំង៧ចំណុច ដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្តអោយមានប្រសិទ្ធភាព នៅឡើយ។
ជាក់ស្តែង ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារី២នាក់ បានសម្រេច តែត្រូវបុរសម្នាក់ បើកកង់បីឥណ្ឌាបុក បណ្តាលឱ្យដួលម៉ូតូ រួចបន្តរត់គេចខ្លួន ត្រូវយុវជនម្នាក់ ដេញយកទូរស័ព្ទបានមកវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣ យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កូពី ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JB-3637 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ឡើងស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿង ម៉ាកស្កូបពី ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BV-4364 និងមួយគ្រឿងទៀតមិនចាំម៉ាក ជិះបញ្ច្រាសទិសដៅចរាចរណ៍ឡើងលើស្ពានអាកាស ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះស្រាប់តែបុរសម្នាក់ បើកកង់បីឥណ្ឌាមកពីក្រោយនារីរងគ្រោះឃើញដូចនេះ ក៏បើកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួលតែម្តង។
ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនទៀត ដោយទុកម៉ូតូមួយគ្រឿង និងដំបងឆក់មួយដើមទៀត ហើយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយ ភ្លាមនោះក៏មានយុវជនម្នាក់ទៀត ជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃើញក៏ជិះម៉ូតូដេញតាមក្រោយទៀត រហូតទៅដល់ក្រោមស្ពានទើបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលើយុវជនដឹកអនឡាញ ហើយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។
ក្រោយកើតហេតុ យុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ ហើយត្រូវបានសមត្ថកិច្ច នាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុក រង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកដាក់ទោសតាមច្បាប់។
ពលរដ្ឋថា បទល្មើស លួច ឆក់ ប្លន់ បន្តកើតមាន ញឹកញាប់បែបនេះ តើ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានគិតគូ ពីបញ្ហាខាងលើនេះទេ?
ពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តា ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើសយក មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅបានសុខ ក្រោមម្លប់សន្តិភាពផង។