តាកែវ៖ជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀនយ៉ាងសកម្មនៅស្រុកត្រាំកក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន។ការចុះបង្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ ដោយ កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃ កង រាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយករណី នៅត្រង់ចំណុចភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលមានឈ្មោះ យី ពុទ្រា (ហៅពៅ) ភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ (មានថ្នាំញៀន) រស់នៅត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ អុីង សុផេន ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានថ្នាំញៀន) រស់នៅរស់ភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាចំនួន១១កញ្ចប់ មានទម្ងន់សរុប២៧,៩១ក្រាម ( ថ្លឺងទាំងសំបក់ថង់) ជញ្ជីងថ្លឹងថ្នាំញៀន០១ សម្ភារៈសេពថ្នាំញៀនមួយចំនួន(ដបទឹកសុទ្ធ០១ កែវសម្រាប់ជក់០២) ទូរសព្ទ័ដៃ០៤គ្រឿង ម៉ូតូ០២គ្រឿង ដាវដែកចំនួន០១ដើម និងកាំភ្លើងកែឆ្នៃ០១ដើមផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ បងខន