ខេត្តរតនគិរី៖ យុវជន៣នាក់បានរងរបួសធ្ងន់ ខណះជិះម៉ូតូ១គ្រឿង បោះពួយយ៉ាងលឿន ស្រាប់តែគោ១ក្បាលបានដើរឆ្លងកាត់ផ្លូវ ក៏ម៉ូតូមកដល់បុក ពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ ផ្លោងនៅចិញ្ចើមផ្លូវជាតិ ហើយគោក៏បានប្រកាច់ងាប់នៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូសាប ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេសស្រុកកូនមុំ។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ឃួន ពីភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មិនមានពាក់មួកសុវត្ថិភាព បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្លាប់តាមផ្លូវ។ចំណែកអ្នករួមដំណើរ២នាក់
១-ឈ្មោះ ប្រាក់ ថាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូរងរបួសធ្ងន់ មិនមានពាក់មួកសុវត្ថិភាព។
២-ឈ្មោះ ប្រាក់ ថេរ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់ ទាំង៣នាក់មានទីលំនៅភូមិ-ឃុំជាមួយគ្នាមិនមានពាក់មួកសុវត្ថិភាព។
លោកថា ខណះទទួលបានព័ត៌មានភ្លាមបានចុះទៅដល់កន្លែងកើតហេតុ ឃើញយុវជនទាំង៣នាក់នោះ ដេករណូករណែលរបួសធ្ងន់ ក៏យករថយន្តផ្ទាល់ខ្លួនរបស់លោក ដឹកបញ្ជូនយុវជនទាំង៣នាក់នេះ ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរម៉ូតូបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក២នាក់ទៀត របួសធ្ងន់សម្រាកនៅមន្ទីរពេទ្យខេត្ត។ រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នម្ចាស់គោត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕