ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និង ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានទទួលប័ណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ សម្រាប់ ភូមិនីមួយៗនាពេលនេះ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះ កន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្ត សៀមរាប យើងឲ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តមកោតសរសើរចំពោះ គណៈ កម្មការរដ្ឋបាលដែលដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណៈកម្មការរដ្ឋបាល, រដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គភាពពាក់ព័ន្ធជាសមាជិក ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន ៤ នៃឃុំដំដែក រហូតសម្រេចបានការផ្តល់វិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ប្រើប្រាស់ស្របច្បាប់។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា បានអនុវត្តការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជា ច្រើន ហើយក៏បានពង្រីកការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបបានចំនួន ០៦ក្រុង-ស្រុក រួមមាន៖ ក្រុង សៀមរាប ,ស្រុកពួក, ស្រុកប្រាសាទបាគង ,ស្រុកសូទ្រនិគម ,ស្រុកក្រឡាញ់ និងស្រុកជីក្រែង។ ដើម្បីជម្រុញឲ្យកិច្ចការ នេះដំណើរការបានកាន់តែល្អប្រសើរ និងទទួលបានជោគជ័យតាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល សូមឲ្យបងប្អូន ប្រជាពលរដ្ឋបន្តការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារមន្ទីរជំនាញដើម្បីបន្តការងារចុះបញ្ជី ដីធ្លីនេះឲ្យបានល្អប្រសើរថែមទៀត។
តាមការលើកឡើងរបស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា មានចំនួន ០៤ភូមិនេះបានអនុវត្តតាមនីតិវិធី និងគោលការណ៍ នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធរហូតដល់សម្រេចបាន ការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការស្របតាមច្បាប់ ។ ក្នុងនោះ គឺភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ ដែលក្នុងនោះក្បាលដីចំនួន ៨៣០ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ,ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះក្បាលដីចំនួន ២៩៦ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ,ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៥១១ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន និង ភូមិបុស្ស មានក្បាលដីសរុប ៦១១ ក្នុងនោះ ក្បាលដីចំនួន ៣៧២ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ដោយឡែកក្បាលដីមួយចំនួនទៀត ដែលនៅសល់ ពុំទាន់អាចចេញ ប័ណ្ណជូន ដោយសារតែក្បាលដីទាំងនោះជាក្បាលដី គ្មានទិន្នន័យ ជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធ នឹងផ្លូវប្រឡាយជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋានជាដើម៕