កម្លាំងជញ្ជីងចល័ត បានចុះត្រួតពិនិត្យយានយន្តធុនធំដែលដឹកលើសទម្ងន់ និងបើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ត្រង់ចំនុចផ្លូវលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍)
ខេត្តស្វាយរៀង៖ ក្រុមការងារគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានសហការជាមួយកងកម្លាំងជញ្ជីងចល័ត កម្លាំងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យរាល់យានយន្តធុនធំដែលដឹកលើសទម្ងន់ ដែលបើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ។ ដើម្បីពង្រឹងគុណភាពផ្លូវ និងត្រួតពិនិត្យយានយន្តដែលដឹកលើសទម្ងន់នៅតាមដងផ្លូវ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះល្បាតដាក់ជញ្ជីងចល័តតាមដងផ្លូវជាក់ស្តែង នៅរព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ កម្លាំងជញ្ជីងចល័ត បានចុះត្រួតពិនិត្យផ្លូវលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍) ត្រង់ចំណុចភូមិពោធ៏តាវង្ស ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោក អ៊ុយ សម្បត្តិ អនុប្រធានលេខាដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់បានឲ្យដឹងថា÷ ក្នុងកិច្ចប្រតិបត្តិត្រួតពិនិត្យរថយន្តដឹកលើសទំនង់លើដងផ្លូវជាតិលេខ១៨នេះ យើងសង្កេតឃើញមានរថយន្តដឹកខ្សាច់ និងរថយន្តដឹកស្រូវជាដើម ដោយឡែករថយន្តភាគច្រើនគឺបានចូលរួមគោរព និងអនុវត្តច្បាប់លើសទម្ងន់បានយ៉ាងត្រឹមត្រូវតាមទម្ងន់ដឹកជញ្ជូន។
លោក អ៊ុយ សម្បត្តិ បានបន្តទៀតថា: សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររកស៊ីដឹកទំនិញទាំងអស់ សូមកុំដឹកលើសទម្ងន់កំណត់ ហើយសូមមេត្តាចូលរួមសហការជាមួយក្រុមការងារគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំត្រួតពិនិត្យនិងអាជ្ញាធរសមត្ថកិច្ច ជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា: ជាលទ្ធផល ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្លូវជាតិលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍) បានឃាត់រថយន្តឲ្យថ្លឹងជាច្រើនគ្រឿង រកឃើញមានរថយន្ត៤គ្រឿង ដែលដឹកខ្សាច់ នឹងស្រូវផ្ទុកហួសចំនួនកំណត់ និងត្រូវពិន័យជាប្រាក់តាមច្បាប់សាធារណៈការ ៕ ដោយ:Win