រំលោភទាំងថ្ងៃទៀតហើយ! សូម្បីតែចំណតរថយន្តក្រុង ក៍មិនលើកលែងដែរ សង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច ជួយទៅមើលផង!
ភ្នំពេញ៖ វិធានការរំដោះចិញ្ចើមផ្លូវ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនទាន់មានប្រសិទ្ធភាពនៅឡើយ ដោយសារតែចិញ្ចើមផ្លូវសាធារណៈស្ទើរតែទាំងស្រុងក្នុងរាជធានីភ្នំពេញ ត្រូវបានអាជីវកររំលោភយកធ្វើជាកន្លែង អាជីវកម្ម លក់ដូរ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀប រៀបរយសាធារណៈ ជាពិសេស ការរំលោភចិញ្ចើមផ្លូវ បង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋផងដែរ។
ចាប់តាំងពី សាលារាជធានី ប្រកាស ឲ្យដឹងពី វិធានការរំដោះចិញ្ចើមផ្លូវរបស់ខ្លួន គេសង្កេតឃើញ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវដែរ ទៀតសោត អាជ្ញាធរមានសមត្ថកិច្ច បានចុះទៅណែនាំ និងហាមប្រាមប្រជាពលរដ្ឋមិនឲ្យយកចិញ្ចើមផ្លូវធ្វើជាកន្លែងប្រកបអាជីវកម្ម ដោយចំពោះការលក់ដូរ និងការចតយានយន្ត នៅលើចិញ្ចើមផ្លូវជាដើម។
ប៉ុន្តែមួយរយៈចុងក្រោយនេះ ការរំដោះចិញ្ចើមផ្លូវ ត្រូវបានគេសង្កេតឃើញថា នៅតែមិនទាន់អាចសម្រេចបាននៅឡើយ។ នៅតាមផ្លូវ គេនៅតែឃើញមានអាជីវករ យកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន ពលរដ្ឋ និង អាជីករខ្លះ សង់រោងលើចិញ្ចើមផ្លូវ ខ្លះដាក់តុលក់ ហើយខ្លះដាក់តាមរទះលក់ក៍មាន។
ចុះហេតុអ្វី បានជាប្រជាពលរដ្ឋ នៅតែប្រកបអាជីវកម្ម លើចិញ្ចើមផ្លូវ? តើហេតុអ្វីបានជា អាជ្ញាធរ និង សមត្ថកិច្ច មិនអាច រំដោះចិញ្ចើមផ្លូវបាន? សង្ឃឹមថា អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ មេត្តាពន្យល់ផង។
បើក្រឡេកមើល ទិដ្ឋភាព តាមបណ្តោយ វិថី ចោមចចៅ (អតីតផ្លូវវេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ចិញ្ចើមផ្លូវត្រូវ ពលរដ្ឋ និង អាជីករ មួយចំនួន រំលោភធ្វើអាជីកម្ម សូម្បីតែ ទីតាំង ចំណតរថយន្តក្រុង មុខផ្សារជាប់របង សួនឧស្សហកម្ម កាណាឌីយ៉ា ត្រូវបានគេរំលោភ យកធ្វើជាចំណតសំរាប់ចត រ៉ឺម៉ក ផាស់អាប់ ម៉ូតូ និងរថយន្ត យ៉ាងអាណាធិបតេយ្យ ស្ទើររាល់ថ្ងៃ ខណៈលោកសង្កាត់ចោមចៅទី១ លោកមេប៉ុស្តិ៍នគរបាលចោមទី១ និង អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ហាក់មិនអើពើ និងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ និង ស្នងការរាជធានីភ្នំពេញ សោះ។
គួររំលឹកផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការចេញពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរយល្អ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងនាំមកនូវសុវត្ថិភាពចរាចរណ៍ ខណៈព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលគេមើលឃើញថា នៅរាជធានីភ្នំពេញនឹងចាប់ផ្តើមមានបញ្ហាប្រឈមការកកស្ទះចរាចរណ៍ដោយការធ្វើដំណើរយ៉ាងកកកុញរបស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចការងារ ការប្រកបមុខរបររកស៊ី និងការចូលរៀនឡើងវិញរបស់សិស្ស និស្សិត ជាដើម ។
ការដាក់បទបញ្ជាជំរុញការចេញរៀបចំសណ្តាប់ធ្នាប់សាធារណៈពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ZOOM MEETNIG នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានណែនាំឱ្យមានការអនុវត្តច្បាប់ចំពោះមធ្យោបាយទាំងឡាយណាដែលឈប់ចតលើទ្រូងផ្លូវខុសច្បាប់ ត្រូវស្ទូចនាំមកផាកពិន័យតាមច្បាប់ និងការចេញអនុវត្តជាប្រចាំដើម្បីធានាថា គោលដៅចុះរៀបចំសណ្តាប់ធ្នាប់នោះវាស្អាតល្អបានយូរអង្វែងហើយ ពីព្រោះនេះជាការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឱ្យជួយដោះស្រាយទៅលើការរៀបចំសណ្តាប់ធ្នាប់នេះឱ្យបានល្អ ។
ជុំវិញការចេញដោះស្រាយបញ្ហាសណ្តាប់ធ្នាស់សាធារណៈនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា កន្លងមកការងារនេះកម្លាំងការិយាល័យនគរបាលណ្តាប់ធ្នាប់បានសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវមួយចំនួនដែលមិនរៀបរយ ដូចជានៅម្តុំផ្សារអូរប្ញស្សី ខណ្ឌ៧មករា មហាវិថីម៉ៅសេទុង ខណ្ឌទួលគោក ម្តុំផ្សារសាំហាន់ ខណ្ឌប្ញស្សីកែវ និងបណ្តាផ្លូវខ្លះក្នុងខណ្ឌដូនពេញផងដែរ។ ដោយកន្លងមក គោលដៅមួយកម្លាំងបានចុះរៀបចំបានល្អហើយ ប៉ុន្តែប្រៀបបានដូចវែកចក នៅពេលកម្លាំងសមត្ថកិច្ចដកថយ ២ទៅ ៣ថ្ងៃក្រោយមក ក៏ប្រជាពលរដ្ឋនាំគ្នាមកលក់ដូរប្រកបមុខរបរនៅលើទ្រូងផ្លូវនេះឡើងវិញ ។
ប៉ុន្តែទោះបីយ៉ាងណា កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងចុះសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងឱ្យចំទិសដៅ ៕
ដោយឡែក ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសកម្មភាពរៀបចំសណ្តាប់ធ្នាប់ ក្នុងរាជធានីឱ្យដូចភ្លៀងរលឹម។ អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះក្នុងកិច្ចប្រជុំជា មួយអាជ្ញាធរ ខណ្ឌទាំង១២ និងសង្កាត់ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង លើកឡើថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ ០០៧/១៧ សណន ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តន៍វិធានការរួម។ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីព្រំដែននៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈ ដោយបានកែប្រែទម្លាប់ និងឥរិយាបថនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់។
អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានជាពិសេស កងកម្លាំង សមត្ថកិច្ច អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង១២ សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរដែនដីរៀបចំនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ជាសេនាធិការរបស់ សាលារាជធានីភ្នំពេញ ដើម្បីអនុវត្តន៍វិធានការនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយស្របតាមសេចក្តីណែនាំនេះ។