ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអាវរងាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនអតីតយុទ្ធជន ដល់លំនៅឋាន
ខេត្តកំពង់ធំ៖ ដេីម្បីជាការដឹងគុណដល់អតីតយុទ្ឋជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជន ធ្លាប់ជាយុទ្ធមិត្តរួមអាវុធជាមួយគ្នា ក្នុងសម័យសង្គ្រាម។ នៅព្រឹកថ្ងៃអាទិត្យទី០៥ ខែធ្នូ ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអជ្ញាធរដែនដី បានទៅជួប សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជន ដែលធ្លាប់ជាយុទ្ធមិត្តរួមអាវុធ ក្នងការរួមចំណែកការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ប្រាក់ សាខន ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នគាត់ជាអតីតយុទ្ធជនពិការ មានអាយុ ៨០ឆ្នាំហើយ ព្រមទាំងមានជំងឺប្រចាំកាយ និងមានកូននិងចៅជាច្រេីននាក់នៅក្នុងបន្ទុក ។ ដោយឡែកកាលពីជាង ៤០ឆ្នាំមុន គឺនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ជាយុទ្ធមិត្តរួមអាវុធជាមួយគ្នា នៅក្នុងអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្លាប់មានអនុស្សាវរីយ៍ជាច្រើន ក្នុងការរួមចំណែកការពារសេចក្ដីសុខសាន្តជូនប្រជាជន នៅក្នុងមូលដ្ឋាន រួមចំណែកមិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញបាន។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ព្រមទាំងការនឹករលឹកដ៏ជ្រាលជ្រៅជាទីបំផុត និងបាននាំយកនូវអាវរងាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ផ្ដល់ជូនគាត់ និងភរិយាប្រេីប្រាស់ក្នុងរដូវរងានេះ ព្រមទាំងបាននាំយកនូវស្បៀងអាហារ និងថវិកាមួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ទឹកសុទ្ធវីតាល់ចំនួន ២កេស និងថវិកាមួយចំនួន មកឧបត្ថម្ភជូនគាត់ផងដែរ ។
លោក ប្រាក់ សាខន មានសេចក្ដីរំភើបក្តុកក្តួល ក្នុងចិត្ត រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងគិតគូរយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្តៅចំពោះគាត់ និងសូមគោរពជូនពរសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត សូមមានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូត៕