នាំយកអាវរងា ជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនចាស់ជរាគ្មានទីពឹង ចំនួន៧០គ្រួសារ ក្នុងខណ្ឌពោធិ៍សែនជ័យ!
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពី លោក-លោកស្រី អភិបាលរង មន្ត្រីការិយាល័យពាក់ព័ន្ធ អធិការរងណ្ឌ និង ចៅសង្កាត់ បានអញ្ជើញចូលរួម ជួបសំណេះសំណាល និងនាំយកនូវអាវរងា ដែលជាអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកផ្ដល់ជូនចាស់ជរាគ្មានទីពឹង ចំនួន៧០ នាក់ ក្នុងមូលខណ្ឌពោធិ៍សែនជ័យ។
មានមតិសំណេះសំណាលនាសឱកាសនោះដែរ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ក៏បានពាំនាំនូវការ ផ្ដាំសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចសម្ដេច ប្រកបដោយក្ដីនឹករលឹកពុកម៉ែបងប្អូន ជាខ្លាំង ប៉ុន្តែដោយមានធុរៈរវល់ច្រើន ហេតុដូច្នោះហើយទើប សម្ដេច ចាត់តំណាងនាំយកនូវសម្ភារៈ និងអាវរងាមួយចំនួន មកផ្ដល់ជូនបងប្អូន ដោយមិនមានការរើសអើងប្រកាន់វណ្ណៈ ព័ណសម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់មិនទុកបងប្អូនចោលមួយគ្រាណាសោះឡើយ។
ក្រៅពីនេះដែរ លោក ហែម ដារិទ្ធិ ក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់ ឱ្យបន្តថែទាំសុខភាព ទោះបីជា ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សា សុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាមិនទាន់បាន បញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។
សូមជម្រាបជូនដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់ ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវ ៧១c កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឱ្យអភិបាលរាជធានី ខេត្ត រៀបចំអាវរងា ភួយ មុង ដើម្បីចែកជូន មនុស្សវ័យចំណាស់ ក្នុងពេលអាកាសធាតុ ចុះត្រជាក់ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២៕