ប្រឡាយមេ មានសារៈសំខាន់បំផុត ក្នុងការរំដោះទឹក ខណៈ អភិបាលខណ្ឌខ្លះ អត់ខ្វល់ រឿងគេរំលោភប្រឡាយសោះ!

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៤ ធ្នូ ២០២១ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បន្តដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ  ចុះវាស់វែងកំណត់ព្រំប្រឡាយមេ (ព្រៃល្វា) ដែលតភ្ជាប់ពីប្រឡាយមេផ្លូជាតិលេខ៣ ឆ្លងកាត់ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ទៅតភ្ជាប់ប្រឡាយមេទួលពង្រ សង្កាត់ចោមចៅទី១ (ទំហំ១០ ម៉ែត្រ)។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ដែនដី ពិសេស អាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ស្ថានីយលូប្រាំ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកអោយហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤នៅជាយក្រុង។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ។

ឯកឧត្តមបន្តទៀតថា ការស្ដារប្រឡាយខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះ ជូនមក  អោយរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម ពិតជាអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រ និងមានបណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះអោយបានធំរហូតដល់៨ម៉ែត្រទៅតាមគម្រោង។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយសាងសង់ផ្ទះនៅលើតួប្រឡាយតែម្តង។

បញ្ហានេះ ឯកឧត្តម សំណូមពរឲ្យបងប្អូនប្រជាពរដ្ឋរុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយរំដោះទឹកនេះអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។

ពលរដ្ឋ សង្ឃឹមថា ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមគិតគូឡើងវិញ ពីការស្តារ ពង្រីកប្រឡាយទឹក ជាពិសេស ការពារពីការរំលោភធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជាដើម។

អត្ថបទដែលជាប់ទាក់ទង
Open

Close